កិច្ចប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញស្ដីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជូនបងប្អូនប្រជាពលរដ្ឋគ្រប់ខណ្ឌសង្កាត់ក្នុងរាជធានីភ្នំពេញ

274
UI Promtion 2021

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Zoom Meeting ) ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលខណ្ឌទាំង១៤ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា, រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកន្លែងផ្ដល់សេវាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានចំនួន ៤២ទីតាំង និងបានរៀបចំឧបត្ថម្ភម៉ាស់ជូនដល់រដ្ឋបាលខណ្ឌទាំង១៤ ផ្សាររដ្ឋទាំងអស់ ដោយក្នុងមួយខណ្ឌទទួលបាន ១០.០០០ម៉ាស់ ផ្សាររដ្ឋនីមួយៗទទួលបាន ៥.០០០ម៉ាស់ គ្រប់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ត្រូវធ្វើការណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្ត ៣ ការពារ ៣កុំ និងត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡា ត្រូវចេញលិខិតជូនដល់មាតាបិតាអាណាព្យាបាលសិស្សទាំងអស់ត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដែលកំពុងតែចូលមកដល់សហគមន៍ហើយ៕