កំណែទម្រង់ថវិកាជាតិជាសាធារណៈ និងកាត់បន្ថយអំពើមិនប្រកតិដើម្បីសល់លុយអភិវឌ្ឍជាតិ

314
UI Promtion 2021

នាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសអំពីការធ្វើកំណែទម្រង់ការគ្រប់គ្រងថវិកាសាធារណៈ និងអនុវត្តដោយម៉ឺងម៉ាត់នូវច្បាប់ប្រើប្រាស់ថវិកា។ សម្តេចប្រកាសបែបនេះ ក្រោយរកឃើញភាពមិនប្រក្រតីក្នុងការប្រើប្រាស់ថវិកា នៅថ្នាក់ក្រោមជាតិ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ថវិកាខុសគោលដៅ មិនមានសុចរិតភាព ធ្វើឲ្យកើតមានអំពើពុករលួយ នាំឲ្យខាតបង់ថវិកាជាតិ។ លោកលើកហេតុផលថា ដូចជាការសាងសង់ផ្លូវ ឬអគារ ដែលប្រព្រឹត្តិអំពើពុករលួយ បណ្តាលឲ្យផ្លូវ ឬអគារនោះគ្មានគុណភាព ប្រើប្រាស់មិនបានយូរ ត្រូវធ្វើការជួសជុលឡើងវិញ នាំឲ្យខាតបង់ថវិកាជាតិ។ លោកគូសបញ្ជាក់ប្រាប់ព័ត៌មានក្នុងស្រុកថា បញ្ហានេះ ទោះបីថវិកាជាតិមានប៉ុន្មានក៏មិនគ្រប់ដែរ ខណៈដែលថវិកាជាតិរបស់កម្ពុជា នៅមានកម្រិត។
ទាក់ទិននឹងបញ្ហានេះដែរ លោក ចាន់ សុធា អនុរដ្ឋាលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខធិការដ្ឋាន គជអប បានលើកឡើងថា រាជរដ្ឋាភិបាល មានការិយាល័យសាវនកម្ម ទទួលបន្ទុកត្រួតពិនិត្យផ្ទៃក្នុងតាមអង្គភាពនានា ដើម្បីដឹងថា គ្រប់អង្គភាព បានបំពេញការងារ ត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត តាមស្តង់ដារ តាមនិតិវិធីគោការណ៍ ឬអត់។ លោកថា នេះជាយន្តការត្រួតពិនិត្យផ្ទៃក្នុងទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក។ ក្រៅពីនេះ នៅមានយន្តការត្រួតពិនិត្យពីខាងលើផងដែរ។
លោក ចាន់ សុធា បានគូសបញ្ជាក់ថា បច្ចុប្បន្នមាននាយកដ្ឋានពីរនៃក្រសួងមហាផ្ទៃ តាមដានរាល់ការអនុវត្តរបស់អង្គភាពពាក់ព័ន្ធ ក្នុងនោះ ទី១ ពិនិត្យគាំទ្រក្រុង ស្រុក ឃុំ សង្កាត់ និងទី២ គាំទ្ររាជធានី ខណ្ឌ និងខេត្ត។ លោកសង្កត់ធ្ងន់ថា នាយកដ្ឋាននេះ មានតួនាទី គាំទ្រតាមដាន ត្រួតពិនិត្យទៅលើការបំពេញការងាររបស់រដ្ឋបាលរាជធានីខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។ យន្តការនេះ ត្រួតពិនិត្យលើសកម្មការងារ ការប្រើប្រាស់ថវិកា និងការបម្រើសេវាកម្ម របស់អង្គភាពនីមួយៗ។ ចំណែកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានយន្តការធ្វើអធិការកិច្ចហិរញ្ញវត្ថុ។
លោកកថា គម្រោងទាំងអស់នៅថ្នាក់ក្រោមជាតិ ត្រូវតែដាក់ប្រកាសឲ្យដេញថ្លៃជាសាធារណៈមុននឹងសម្រេចការសាងសង់។ នេះជាគោលការណ៍ ដើម្បីអាចដំណើរការលទ្ធកម្មប្រកបដោយសុចរិតភាព។ លោក ចាន់ សុធា លើកឡើងបែបនេះ នៅក្នុងសន្និសីទព័ត៌មានស្តីពី «វឌ្ឍនភាព នៃដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ សម្រាប់ថ្នាក់ក្រោមជាតិ» ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២។
សូមរំឭកថា កាលពីថ្ងៃទី ០៤ ខែមករា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅឆ្នាំ ២០២២នេះ ជាឆ្នាំដែលធ្វើកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ត្រូវអនុវត្តដោយម៉ឺងម៉ាត់ ស្តីអំពីការប្រើប្រាស់ថវិកា។ ក្នុងនោះ សម្តេច ផ្តោតសំខាន់ស្ថាប័នថ្នាក់ជាតិ ជាពិសេសថ្នាក់ក្រោមជាតិទាំងអស់ អនុវត្តឲ្យបានម៉ឺងម៉ាត់នៅបទកថាទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ។
សម្តេចថ្លែងដូច្នេះថា« ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ធ្វើរបាយការណ៍អំពីបំណុល ដែលបណ្តាខេត្តជំពាក់ក្រុមហ៊ុន លី ឈួង ខ្ញុំហួសចិត្តដែរ តាមរបៀបអនុវត្តធ្វើមុន ទូទាត់ក្រោយ»។
ការប្រតិកម្មរបស់សម្តេចបែបនេះ ក្រោយរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន បានឃុបឃិតជាមួយក្រុមហ៊ុនឯកជន ក្នុងការអនុវត្តគម្រោងសាងសង់ដោយមិនមានការដេញថ្លៃ៕