លោក គីម ជុងអ៊ុន ជំរុញឲ្យបង្កើនសមត្ថភាព យោធាកូរ៉េខាងជើង ខណៈលោកចុះត្រួតពិនិត្យការតេស្ត «មីស៉ីលលឿនជាងសំឡេង» ដោយផ្ទាល់

156
UI Promtion 2021

ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជំរុញឲ្យមានការបង្កើនសមត្ថភាពជាយុទ្ធសាស្ត្រ នៃយោធាប្រទេសអាស៊ីបូព៌ាមួយនេះ ខណៈរូបលោកបានចុះទៅត្រួតពិនិត្យការធ្វើតេស្ត មីស៊ីលដែលអាចហោះលឿនជាងល្បឿនសំឡេង (hypersonic missile) ដោយផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

នេះគឺជាការចុះត្រួតពិនិត្យការធ្វើតេស្តអាវុធដោយផ្ទាល់ ជាលើកដំបូងហើយពីសំណាក់លោក គីម ជុងអ៊ុន នៅក្នុងរយៈពេលជិត ២ឆ្នាំមកនេះ។ កាលពីថ្ងៃអង្គារម្សិលមិញ ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានអះអាងពីការចាប់បាន សញ្ញានៃការធ្វើតេស្តមីស៊ីល នៅប្រទេសកូរ៉េខាងជើង ដោយវាបានកើតមានឡើង មិនដល់មួយសប្តាហ៍នោះឡើយ បន្ទាប់ពីកូរ៉េខាងជើងដដែលបានធ្វើតេស្តអាវុធថ្មី ដើម្បីស្វាគមន៍ឆ្នាំ២០២២ ដែលក្រោយមកត្រូវបានអះអាងថា ជាប្រភេទមីស៊ីលលឿនជាងសំឡេង។

ដោយឡែកការធ្វើតេស្តកាលពីថ្ងៃអង្គារនោះ ក៏ត្រូវបានទីក្រុងព្យុងយ៉ាងអះអាងថា ជាប្រភេទមីស៊ីលលឿនជាងសំឡេងដូចគ្នា។ បន្ទាប់ពីបានបញ្ចប់ការត្រួតពិនិត្យ ការធ្វើតេស្តលើកទី ២ នេះ លោក គីម ជុងអ៊ុន បានជំរុញឲ្យក្រុមអ្នកវិទ្យាសាស្ត្រ នៃយោធាកូរ៉េខាងជើង ពន្លឿនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងសាច់ដុំយោធារបស់ខ្លួន ទាំងទៅលើគុណភាព និងបរិមាណ ក៏ដូចជាការធ្វើទំនើបកម្មផងដែរ។

គួរបញ្ជាក់ថា ការធ្វើតេស្តមីស៊ីលផ្ទួនៗដោយកូរ៉េខាងជើង នៅដើមឆ្នាំ២០២២ នេះ បានធ្វើឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនទៀត បង្ហាញក្តីព្រួយបារម្ភ និងសោកស្តាយ។ វាបានកើតមានឡើង ខណៈដែលកិច្ចសន្ទនារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ព្រមទាំងសហរដ្ឋអាមេរិក នៅតែបន្តជាប់គាំង៕