លោកវរសេនីយ៍ត្រីហួតសីហាត្រូវបាត់មុខតំណែង

275
UI Promtion 2021

ភ្នំពេញ៖លោកវរសេនីយ៍ត្រី ហួត សីហា ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែង ពីនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោយពីមានព័ត៌មានថា បានជំរិតទារប្រាក់ពីយុវជន ពាក់ព័ន្ធករណីគ្រឿងញៀន ៣នាក់ ជាថ្នូរនឹងការដោះលែង។
យោងតាមប្រកាស ស្ដីពី ការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ តែទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ បានសម្រេចថា ត្រូវបានអនុវត្តវិន័យ ចំពោះវរសេនីយ៍ត្រី ហួត សីហា អត្តលេខ ៨៥១១១ ក្រោមរូបភាពដកហូតមុខតំណែង ពីនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឲ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ឯក។
នៅក្នុងប្រកាស របស់សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការដកហូតមុខតំណែងវរសេនីយ៍ត្រី ហួត សីហា ពីនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងធំ ដោយសារតែមូលហេតុ «ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។
ចំណែកឯក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ ក៏បានចេញសេចក្ដីបំភ្លឺ ដើម្បីឆ្លើយតបសារព័ត៌មានមួយចំនួនទៀត ដែលបានចុះផ្សាយជាបន្តបន្ទាប់ មានខ្លឹមសារចំណងជើងថា មហាជនរង់ចាំមើលថា តើវាសនារបស់លោក ហួត សីហា មេប៉ុស្តិ៍សំរោងធំ មានវាសនាទៅជាយ៉ាងណា? ដែលបានចាប់ករណីគ្រឿងញៀន ទៅលើយុវជន ៣នាក់ នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ កន្លងមកនេះ នៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយជំរិតទារប្រាក់ពីយុវជនទាំងបីនាក់នោះ ចំនួន 3500$ ជាថ្នូរនឹងការដោះលែង។

ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យការិយាល័យបុគ្គលិក ចុះស្រាវជ្រាវករណីខាងលើ។
បន្ទាប់ពីការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះស្រាវជ្រាវ និងសួរនាំបានឲ្យដឹងថា លោកវរសេនីយ៍ត្រី ហួត សីហា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានអនុវត្តខុសនីតិវិធី។ លោកវរសេនីយ៍ត្រី ហួត សីហា ត្រូវបានអនុវត្តវិន័យ និងសួរនាំបន្ថែម នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចពីគណៈស្នងការ និងធ្វើរបាយការណ៍សុំគោលការណ៍បន្ថែមទៅថ្នាក់ជាតិ ដើម្បីពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់។

អនុលោមប្រកាសលេខ ០៤៩ប្រក ចុះថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ត្រូវបានអនុវត្តវិន័យ ចំពោះវរសេនីយ៍ត្រី ហួត សីហា អត្តលេខ ៥៨១១១ ក្រោមរូបភាពដកហូតមុខតំណែង ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ឱ្យមកជាមន្រ្តី និងបន្ថយឋានន្តរស័ក្កចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ឯក ដោយមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕