បុរសខូចចិត្តម្នាក់ឡើងស្ពានជ្រោយចង្វារលោតទឹកសម្លាប់ខ្លួន

164
UI Promtion 2021

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានបុរសម្នាក់មានទំនាស់ទាស់ទែងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធដោយខឹងចិត្តក៏បានដើរសំដៅឡើងស្ពានជ្រោយចង្វារ រួចលោតទឹកសម្លាប់ខ្លួន តែបែរជាហែលទឹកមកច្រាំងវិញហើយក៏ស្រែករកគេឱ្យជួយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅចំណុចស្ពានជ្រោយថ្មី ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
បុរសដែលគិតខ្លីរូបនេះប៉ុនប៉ងលោតទឹកតែមិនបានសម្រេចលើខាងលើនេះ ត្រូវបានគេស្គាល់ថា មានឈ្មោះ រិទ្ធ អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្រោយប៉ុស្តិ៍ជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បានបង្ហើបប្រាប់ឲ្យដឹងទាំងស្ថានភាពស្រវឹងស្រឿងៗ និងភាពនឿយហត់អស់កម្លាំងថា មុនពេលកើតហេតុ រូបគាត់បានទាស់ពាក្យសំដី គ្នាជាមួយប្រពន្ធ (តែមិនបញ្ជាក់ថា ឈ្លោះរឿងអ្វីនោះទេ) ហើយដោយសារគាត់ខឹងខ្លាំងពេក គាត់ក៏ចេញពីផ្ទះ រួចដើរសំដៅឡើងទៅលើស្ពានជ្រោយចង្វាថ្មីតែម្តង ។
បុរសរូបនេះបន្តថា លុះពេលមកដល់ពាក់កណ្ដាលស្ពាន គាត់ក៏លោតចុះភ្លាមៗ ដោយគ្មានភាពស្ទាក់ស្ទើរនោះទេ តែពេលធ្លាក់មកដល់ក្នុងទឹកភ្លាមៗនោះគាត់មិនបានលង់ទឹកស្លាប់ទេ ព្រោះតែគាត់ចេះហែលទឹក ក៏ព្យាយាមហែលមកកៀនច្រាំងវិញតែហែលមិនរួច ក៏ស្រែកឆោឡោរកគេឱ្យជួយតែម្តង តែសំណាងល្អបានបងប្អូនខ្មែរ-អ៊ិស្លាម ដែលជាអ្នកនេសាទបានមកជួយសង្គ្រោះគាត់ទាន់ពេលវេលា ។បើតាមប្រភពពីប្រជាពលរដ្ឋដែលជាអ្នកនេសាទវិញ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់បានលឺសម្លេងបុរសម្នាក់ស្រែកចេញពីក្នុងទឹកកណ្ដាលទន្លេអោយគេជួយ ភ្លាមៗនោះពួកគាត់ក៏ចេញទូកទៅជួយសង្គ្រោះ ក៏ស្រាប់តែឃើញបុរសម្នាក់កំពុងតែហែលទឹកទាំងស្ថានភាពទន់ខ្សោយ ហើយពួកគាត់ក៏ស្រង់បុរសរូបនោះឡើងលើទូក រួចដឹកសំដៅទៅច្រាំងទន្លេប៉ុស្តិ៍នគរបាលជ្រោយចង្វាវិញ ដើម្បីអោយសមត្ថកិច្ចជួយសង្គ្រោះបន្តទៀត។
ក្រោយពេលកើតហេតុ បន្ទាប់ពីស្រង់បុរសខាងលើមកដល់លើគោកវិញ សមត្ថកិច្ចក៏បាននិយាយលួងលោម និងបានឌុបបុរសរូបនោះត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពផងដែរ ៕