បុរសជនជាតិចិនម្នាក់បង្កឲ្យកើតមានអគ្គីភ័យនៅក្នុងបន្ទប់ជូល

299
UI Promtion 2021

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានបុរសជាជនជាតិចិនម្នាក់ស្នាក់នៅបន្ទប់ជូល បានប្រមូលរបស់របរចាស់ៗដែលខ្លួនឈប់ប្រើប្រាស់ដុតចោលនៅក្នុងបន្ទប់ជួលដែលខ្លួនស្នាក់នៅ បង្កឲ្យកើតជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យផ្អើលស្លន់ស្លោដល់ ប្រជាពលរដ្ឋជិតខាងនាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលាលុះភ្លើងស្ងប់រម្ងប់ហើយបុរសរូបនេះត្រូវបានគេសន្និដ្ឋានថាអាចបណ្តាលមកពីប្រើប្រាស់ថ្នាំ.ញៀនលើសកំរិតទើបបង្កឱ្យក្លាយជាអគ្គិភ័យបែបនេះ។
សេចក្តីរាយការណ៍បានឱ្យដឹងថា ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ខែមករាឆ្នាំ២០២២បន្ទប់ជួលគ្មានលេខ ខាងក្រោយសកលវិទ្យាល័យកម្ពុជា ផ្លូវលំ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីអ៊ំប្រុសម្នាក់ ដែលស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់ជួលកើតហេតុនេះ បានរៀបរាប់ប្រាប់ឲ្យដឹងថា បុរសជាជនជាតិចិនដែលសង្ស័យបែកថ្នាំនេះ បានមកស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើអស់រយៈពេលជិតមួយខែមកហើយ ដោយស្នាក់នៅតែម្នាក់ឯងតែប៉ុណ្ណោះ។
អ៊ំប្រុសខាងលើបន្តថា កន្លងមក បុរសជនជាតិចិនរូបនេះមិនសូវចេញពីក្នុងបន្ទប់ទៅណាមកណានោះទេ គឺបិទទ្វារសង្ងំនៅតែក្នុងបន្ទប់ស្ទើរជារៀងរាល់ថ្ងៃ។ ហើយនៅយប់កើតហេតុនេះ បុរសជាជនជាតិចិនរូបនេះ ក៏បានបិទទ្វារសង្ងំនៅក្នុងបន្ទប់ដូចសព្វដងជាធម្មតា លុះដល់វេលាកើតហេតុក៏បានលឺសំឡេងផ្ទុះ ខណៈពេលដែលគាត់កំពុងតែដេកនៅក្នុងបន្ទប់ជួលរបស់គាត់ ដោយឮសំឡេងដូច្នេះ គាត់ក៏បានងើបមកមើល ក៏ស្រាប់តែឃើញមានអណ្ដាតភ្លើងបានឆាបឆេះចេញពីក្នុងបន្ទប់របស់បុរសជនជាតិចិននោះតែម្តង។អ៊ំប្រុសបន្តទៀតថា ក្រោយមកគាត់ក៏បានរត់ចេញមកខាងក្រៅ រួចស្រែកឆោឡោផ្អើលអស់ប្រជាពលរដ្ឋរស់នៅជុំវិញនោះ និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យចុះមកធ្វើអន្តរាគមន៍តែម្តង។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ហើយបានវាយទម្លុះទ្វារបន្ទប់ចូលទៅខាងក្នុង រួចយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ចំនួន៥បំពង់ ទើបអណ្ដាតភ្លើងបានរលត់ទៅវិញភ្លាមៗ ។ ហើយក្នុងហេតុការណ៍ខាងលើនេះ គឺបណ្តាលឲ្យឆេះខូចខាតសម្ភារៈមួយចំនួន រួមជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងដាអាយខន ពណ៌ក្រហមលាយស ពាក់ស្លាកលេខ បាត់ដំបង 1L-4436 ក៏ត្រូវបានឆេះខូចខាតមួយចំហៀងខាងក្រោយផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានមិនអាចធ្វើការសាកសួរទៅលើបុរសជាជនជាតិចិនរូបនេះបាននោះទេ ដោយសារតែបុរសជនជាតិចិនរូបនេះនិយាយស្តីតែម្នាក់ឯង ដូចជាមនុស្សបែកថ្នាំអ៊ីចឹង។ បន្ទាប់មកទៀត សមត្ថកិច្ចប៉ុស្តិ៍នរគបាលរដ្ឋបាលទឹកថ្លា ក៏បានធ្វើការអប់រំណែនដល់ម្ចាស់បន្ទប់ជួល និងបានឲ្យម្ចាស់បន្ទប់ជួលឈប់ជួលបន្ទប់ឲ្យបុរសជាជនជាតិចិនរូបនេះ ស្នាក់នៅជាបន្តទៀត៕