លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺបញ្ជាក់ករណីឆ្លងកូវីត១៩ថ្មីមិនមានទៀតទេទូទាំងខេត្តកំពង់ស្ពឺ!

194
UI Promtion 2021

កំពង់ស្ពឺ៖ នេះជាការបញ្ជាក់របស់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកំពង់ស្ពឺ” នាព្រឹកថ្ងៃទី១៣ ខែមករា រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។្
លោកបញ្ជាក់យ៉ាងដូច្នេះថា “គិតមកដល់ពេលនេះ នៅទូទាំងខេត្តកំពង់ស្ពឺ ពុំមានករណីឆ្លងជំងឺកូវ-១៩ ថ្មីទៀតទេ រីឯអ្នកដែលកំពុងព្យាបាលនៅតាមមណ្ឌលព្យាបាល និងនៅតាមផ្ទះក៏ពុំមានដែរ”។
បើតាមលោក យឹម សុខុម “ផែ្អកលើយុទ្ធសាស្ត្រ និងវិធានការជាច្រើនរបស់រាជរដ្ឋាភិបាល ពិសេសការគ្របដណ្តប់នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាជនឱ្យមានភាពស៊ាំក្នុងសង្គម សម្រេចបាន៨៩,២០% នៃប្រជាជនសរុបប្រមាណ១៦លាននាក់។ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាជនសម្រេចបានចំនួន៩១%”។
ប្រធានក្រុមប្រឹក្សាខេត្តរូបនេះ បានអះអាងថា លទ្ធផលនៃការខិតខំប្រឹងប្រែងនេះ បានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក ដែលសម្រេចបាននូវយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងជូនប្រជាជនក្នុងកម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពាសង្គម និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដោយមិនប្រកាន់ និន្នាការនយោបាយ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅតាមរយៈការពង្រឹង សន្តិសុខស្បៀង អាហារូបត្ថម្ភ ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាលើកកម្ពស់សុខមាលភាពរបស់ប្រជាជនដើម្បីកាត់បន្ថយភាពក្រីក្រឱ្យបានជាអតិបរមា។
ទោះជាយ៉ាងណា លោក យឹម សុខុម បានបញ្ជាក់ថា ទន្ទឹមនឹងការទទួលបាននូវលទ្ធផលការងារល្អ រដ្ឋបាលខេត្តក៏មានបញ្ហាប្រឈមមួយចំនួនដូចជា: សំណូមពរ និងកង្វល់របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ពុំទាន់បានដោះស្រាយជូនពួកគាត់ទាន់ពេលវេលា ហើយបញ្ហាខ្លះលើសពីដែនសមត្ថកិច្ចរបស់ខេត្ត, ប្រជាពលរដ្ឋមួយចំនួនមានការលំបាក និងចំណាយថវិកាច្រើនក្នុងការធ្វើដំណើរមកទទួលសេវាសាធារណៈនានានៅមូលដ្ឋានដោយសារតំបន់មួយចំនួននៅឆ្ងាយពីទីតាំងផ្តល់សេវា៕