សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាក់វ៉ាក់សាំងដូសជំរុញរួចរាល់ហើយ និងអំពាវនាវដល់ជនរួមជាតិទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីការពារជំងឺកូវីដ១៩

265
UI Promtion 2021

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានចាក់វ៉ាក់សាំងដូសជំរុញ ការពារជំងឺកូវីដ១៩ រួចរាល់ហើយនៅភូមិគ្រឹះរបស់សម្តេចនាក្រុងតាខ្មៅ។

ជាមួយនឹងការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិឃុំយើង និងជាតិយើង។

សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបភាពជាមួយនឹងសារយ៉ាងដូច្នេះថា «ពីរនាក់បានហើយ! ថ្ងៃនេះខ្ញុំ និងភរិយាចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការពារកូវីដ១៩។ គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំង គួបផ្សំជាមួយវិធានការសុខាភិបាល ៣ការពារ និង៣កុំនោះទេ។

ខ្ញុំមានកម្លាំងការពារយ៉ាងរឹងមាំនៅគ្រប់ទីកន្លែង តែពួកគាត់មិនអាចការពារខ្ញុំ មិនឱ្យឆ្លងកូវីដ ១៩ បានឡើយ។ ប្រពន្ធ និងកូនៗព្រមទាំងចៅៗរបស់ខ្ញុំក៏មិនអាចការពារខ្ញុំបានដែរ។ និយាយរួមគ្មានអ្នកណាអាចការពារខ្ញុំបានឡើយ គឺមានតែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះ ទើបអាចការពារខ្លួនខ្ញុំបាន។

សូមបងប្អូនជនរួមជាតិអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិឃុំយើង និងជាតិយើង»