ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ <<ជាតិនិងកងទ័ពជាចរន្តតែមួយ >>

265
UI Promtion 2021

កំពង់ស្ពឺ៖ជាតិ និងកងទ័ពត្រូវការគ្នាទៅវិញទៅមក។ ជាតិត្រូវការកងទ័ពដើម្បីភាពរឹងមាំ ឯកងទ័ពវិញ ត្រូវការជាតិមួយដែលរឹងមាំ ដែលជាឱកាសដើម្បីកសាង និងអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យកាន់តែខ្លាំងក្លា និងពេញលេញ អាចទទួលរ៉ាប់រងភារកិច្ច ដែលកាន់តែស្មុគ្រស្មាញ ប្រែប្រួលទៅតាមការអភិវវឌ្ឍសង្គម-សេដ្ឋកិច្ច និងភាពជឿនលឿននៃបច្ចេកវិទ្យា ជាពិសេសការវិវត្តប្រែប្រួលដ៏ឆាប់រហ័សនៃសភាពការណ៍សន្តិសុខអន្តរជាតិ។
នេះជាប្រសាសន៍លើកឡើងរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ របស់ផ្នែកសឹករងបសេដ្ឋ និងសមិទ្ធផល នានារបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ នៅព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ។ ឧត្តមសេនីយ៍ឯក បានបន្តថា កងយោធពលខេមរភូមិន្ទផ្ទាល់ ចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែងជំរុញអភិវឌ្ឍសមត្ថភាព និងប្រសិទ្ធភាពការងារ។ ក្នុងពេលចំពោះមុខ ការងារនេះ គឺអាចចាប់ផ្តើមពីអង្គភាពនីមួយៗ ដែលត្រូវម្ចាស់ការលើខ្លួនឯង រួមផ្សំនឹងគំនិតច្នៃប្រឌិត ខិតខំរិះរកវិធីពិនិត្យដោះស្រាយតាមតម្រូវការជាក់ស្តែងផ្អែកលើសក្តានុពលធនធានរបស់ខ្លួន និងត្រូវរៀបចំឱ្យមានប្រព័ន្ធការងារត្រឹមត្រូវច្បាស់លាស់ និងប្រកបដោយគណនេយ្យភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី៣ តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន- កងឯកភាពចំណុះ ដែលកន្លងមកបានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេចបានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ដោយធានាបាននូវការពង្រឹងប្រៀបការពារជាតិ ក្នុងភូមិសាស្ត្ទទទួលខុសត្រូវ ឱ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សាការពារសន្តិសុខ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ក៏ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងព្រឹត្តការណ៍ជាយថាហេតុផ្សេងៗ ជាពិសេស សកម្មភាពចូលរួមចំណែកនានានៅក្នុងយុទ្ធនាការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមក។ ក្រៅពីនេះ នៅព្រឹកថ្ងៃនេះ យើងបានសម្ពោធ អគារធ្វើការ អគារស្នាក់នៅ និងទីលានហ្វឹកហ្វឺន និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ជាគំរូ សម្រាប់ផ្នែកសឹករងដទៃទៀត ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមបាន គោរពថ្លែងអំណរគុណ និងដឹងគុណជាអនេក ចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់គិតគូរផ្ទាល់ និងជាប់ជាប្រចាំចំពោះសុខទុក្ខ និងសុខុមាលភាពរបស់យោធិន គ្រួសារយោធិន ក៏ដូចជាអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន តាមរយៈការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីដោះស្រាយរាល់ការលំបាកផ្សេងៗរបស់ពួកគាត់។ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃកិច្ចការមនុស្សធម៌នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបង្កើតឱ្យមានជាយន្តការការងារច្បាស់លាស់ ដើម្បីឱ្យការងារនេះអាចត្រូវបានទទួលបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ពីព្រោះសម្រាប់សម្តេចទាំងទ្វេ “ជាគ្រួសារកងទ័ពមួយថ្ងៃ គឺជាគ្រួសារទ័ពមួយជីវិត”៕