មីស៉ីលដែលកូរ៉េខាងជើងបានបាញ់ នៅព្រឹកថ្ងៃចន្ទនេះ មានចំនួន «២គ្រាប់» ចេញពីព្រលានយន្តហោះមួយ នៅព្យុងយ៉ាង

162
UI Promtion 2021

យោធាកូរ៉េខាងត្បូងបានអះអាងនៅមុននេះបន្តិចថា មីស៊ីលដែលកូរ៉េខាងជើង បានបាញ់តេស្តនៅព្រឹកថ្ងៃចន្ទនេះ គឺជាប្រភេទមីស៊ីលបាលីស្ទីក និងមានចំនួនរហូតដល់ទៅ ២គ្រាប់ឯណោះ ចេញពីព្រលានយន្តហោះមួយកន្លែង ស្ថិតក្នុងរដ្ឋធានីព្យុងយ៉ាងតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នាព្រឹថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

អគ្គសេនាធិការចម្រុះ (JCS) នៃយោធាកូរ៉េខាងត្បូងបានអះអាងថា ព្រលានយន្តហោះដែលកូរ៉េខាងជើង បានប្រើប្រាស់ដើម្បីបាញ់សាកល្បងគ្រាប់មីស៊ីល ជាលើកទី ៤ សម្រាប់ដើមឆ្នាំ ២០២២ នេះគឺមានឈ្មោះថា ស៊ូណាន (Sunan) ស្ថិតនៅភាគខាងជើងទីក្រុងព្យុងយ៉ាង។ ដោយឡែកបើតាមឆ្មាំការពារដែនសមុទ្រជប៉ុន គ្រាប់មីស៊ីលកូរ៉េខាងជើងបានហោះទៅធ្លាក់ នៅដែនសមុទ្រភាគខាងកើត នៃប្រទេសនេះវិញ។

JCS បានឲ្យដឹងទៀតថា ពេលនេះយោធាកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត កំពុងតែតាមដានសកម្មភាពកូរ៉េខាងជើង ឲ្យបានជាប់ជានិច្ច ដើម្បីត្រៀមលក្ខណៈប្រុងជើងការ មិនឲ្យមានការធ្វេសប្រហែសនោះឡើយ។

សម្រាប់ការបាញ់តេស្ត ៣ លើកមុនដោយកូរ៉េខាងជើង គឺលើកទី ១ និង ២ (មានចំនួន២គ្រាប់) សុទ្ធតែជាប្រភេទ គ្រាប់មីស៊ីលអាចហោះលឿនជាងល្បឿនសំឡេង (hypersonic missile) និងលើកទី ៣ (ចំនួន ២គ្រាប់) គឺជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ដែលត្រូវបានបាញ់ចេញពី «ម៉ាស៊ីនបាញ់មីស៊ីលចល័ត» នៅលើផ្លូវរថភ្លើង។

យ៉ាងណាក៏ដោយ សម្រាប់លើកទី ៤ នេះ គេនៅមិនទាន់អាចដឹង អំពីប្រភេទមីស៊ីលជាក់លាក់នោះឡើយ លុះត្រាណាតែសារព័ត៌មានរដ្ឋកូរ៉េខាងជើង ចេញផ្សាយព័ត៌មានដើម្បីបញ្ជាក់ដូចសព្វដង។

គួរបញ្ជាក់ថា ការធ្វើតេស្តមីស៊ីលចាប់ពីលើកទី ៣ មក បានកើតមានឡើង ក្រោយរដ្ឋបាលលោក ចូ បៃដិន បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គល ៦នាក់ នៅកូរ៉េខាងជើង ដែលសុទ្ធសឹងតែមានជាប់ពាក់ព័ន្ធនឹង កម្មវិធីអភិវឌ្ឍអាវុធមីស៊ីល នៅប្រទេសដ៏ឯកោនេះ។ កូរ៉េខាងជើងក្រោយទទួលរងការដាក់ទណ្ឌកម្មក្តៅៗ ពីសំណាក់ទីក្រុងវ៉ាស៊ីនតោននោះ បានចេញមុខព្រមានថា ខ្លួននឹងចាត់វិធានការតបតវិញយ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់បំផុត៕