ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ទទួលបានសមិទ្ធផលល្អជាបន្តបន្ទាប់ បានជំរុញយ៉ាងមានប្រសិទ្ធិភាពដល់ការងើបឡើងវិញ ប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចសកល

281
UI Promtion 2021

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ តាមទិន្នន័យដែលអគ្គនាយកដ្ឋានគយចិនបានប្រកាស បើគិតតាមដុល្លារអាមេរិក នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនាំចេញនាំចូលរបស់ចិនបានឡើងដល់ ៦.០៥ទ្រីលានដុល្លារអាមេរិក បានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ ក្នុងមួយឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានកើនឡើងហួសពីតួលេខធំពីរ ពោលគឺ ៥ទ្រីលានដុល្លារអាមេរិក និង ៦ទ្រីលានដុល្លារអាមេរិក ដូច្នេះតួនាទីរបស់ចិន ដែលជាប្រទេសពាណិជ្ជកម្មធំជាងគេ កាន់តែមានភាពរឹងមាំថែមទៀត។

សមិទ្ធផលគួរឱ្យកត់សម្គាល់នេះបានមកដោយមិនងាយស្រួល។ ក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចចិនបានទប់ទល់នឹងកម្លាំងសម្ពាធ ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ហើយបានបង្ហាញពីភាពធន់យ៉ាងខ្លាំង ដែលបានបញ្ជាក់ថា និន្នាការល្អប្រសើរជាទូទៅ ក្នុងរយៈពេលយូរមិនផ្លាស់ប្ដូរឡើយ។

៩ខែដំបូងក្នុងឆ្នាំ២០២១ តម្លៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ចិនបានឡើងដល់ ៨២,៣១៣,១០០លានប្រាក់យាន់ចិន បានកើនឡើង ៩.៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ សេដ្ឋកិច្ចម៉ាក្រូបានរក្សានិន្នាការល្អប្រសើរជាបន្តបន្ទាប់ ប្រការនេះបានផ្តល់ជំនឿចិត្តដល់ទាំងភាគីផ្គត់ផ្គង់ និងភាគីតម្រូវការ។ យោងតាមស្ថិតិរបស់ អគ្គនាយកដ្ឋានគយចិនបានឱ្យដឹងថា នៅឆ្នាំមុន ការនាំចូល និងនាំចេញ ផលិតផលពាក់កណ្តាលសម្រេចរបស់ប្រទេសចិន បានកើនឡើង ២៤.៩ភាគរយ និង ២៨.៦ភាគរយ ដោយឡែកការនាំចូលទំនិញប្រើប្រាស់ បានកើនឡើង ៩.៩ភាគរយ។

ព្រមពេលជាមួយគ្នានេះ សេដ្ឋកិច្ចសកលបានរក្សានិន្នាការងើបឡើងវិញ តម្រូវការនៅបរទេសបានកើនឡើងជាបន្តបន្ទាប់ ដែលបានជម្រុញដល់ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ឡើងមួយកម្រិតថែមទៀត។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានវាយតម្លៃថា ទាំងផលិតផលអេឡិចត្រូនិក និងគ្រឿងតុទូតាំងក្រៅផ្ទះ ទិន្នន័យដឹកជញ្ជូនបានបញ្ជាក់ថា ឆ្នាំមុន ទីផ្សារសកលបានរក្សា «តម្រូវការយ៉ាងខ្លាំង» ចំពោះផលិតផលចិន។

ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានឡើងដល់កម្រិតថ្មី ក៏មានសារសំខាន់កាន់តែលេចធ្លោ ចំពោះខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ឆ្នាំ២០២១ ការនាំចេញនិងនាំចូលរវាងចិន និងដៃគូពាណិជ្ជកម្មសំខាន់ៗ សុទ្ធតែបានសម្រេចបាននូវកំណើនយ៉ាងនឹងនរ។ ក្នុងនោះ ការនាំចេញនាំចូលជាមួយប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ដែលភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានកំណើនកាន់តែឆាប់រហ័ស ដែលបានកើនឡើងដល់ ២៣.៦ភាគរយ បើប្រៀបធៀបនឹងល្បឿនកំណើនជាទូទៅ បានខ្ពស់ជាង ២.២ភាគរយ។

ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ១៩ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ការងើបឡើងវិញ នូវសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយនឹងជំរុញឱ្យសេដ្ឋកិច្ចសកលងើបឡើងវិញ ដោយឆ្ពោះទៅកាន់ទិសដៅកាន់តែមានតុល្យភាព កាន់តែប្រសើរ និងកាន់តែមាននិរន្តរភាព។ ចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០២២ កិច្ចព្រមព្រៀងស្តីពី ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ បានចូលជាធរមានជាផ្លូវការនៅប្រទេសអាស៊ានទាំង៦ ចិន ជប៉ុន នូវែលសេឡង់និងអូស្ត្រាលី។ ការចាប់ដំណើរការនៃតំបន់ពាណិជ្ជកម្មសេរី ធំជាងគេនៅលើពិភពលោកទាំងមូល នឹងជំរុញយ៉ាងខ្លាំងនូវពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។

អាចនិយាយបានថា និន្នាការល្អប្រសើរជាទូទៅ ក្នុងរយៈពេលយូរ របស់សេដ្ឋកិច្ចចិនមិនបានកែប្រែទេ ហើយនឹងបន្តផ្តល់ការគាំទ្រយ៉ាងខ្លាំង ដល់លំនឹងពាណិជ្ជកម្មជាមួយបរទេសរបស់ចិនជាបន្តបន្ទាប់។ ប្រទេសចិនមានជំនឿចិត្តធ្វើការងាររបស់ខ្លួនឱ្យបានល្អ ក៏ដូចជាបន្តបំពេញបន្ថែមកម្លាំងចលករថ្មីដល់កំណើនពាណិជ្ជកម្មនៅទូទាំងពិភពលោក និងការងើបឡើងវិញនៃសេដ្ឋកិច្ចសកលផងដែរ៕