គ្រោះថ្នាក់ចរាចរណ៍រថយន្តចំនួន៣គ្រឿងបុកតគ្នានៅលើចំណុចផ្លូវ៦០ម៉ែត្រស្ថិតក្នុងខណ្ឌដង្កោ

151
UI Promtion 2021

រាជធានីភ្នំពេញ ៖ រថយន្តចំនួន៣គ្រឿង ខណៈអ្នកបើកបរខ្វះការប្រុងប្រយ័ត្ននៅចំណុចភ្លើងស្តុប ក៏បានជ្រុលទៅបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងស្នំ បង្កឱ្យមានហានីភ័យ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែងផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តប្រភេទកូរ៉េ ១តោនកន្លះ ពណ៌ខៀវមួយគ្រឿង បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់រង់ចាំភ្លើងស្តុប ហើយគាប់ជួនពេលនោះដែរ ក៏ស្រាប់តែមានបុរសម្នាក់បានបើករថយន្តតាក់ស៊ី ម៉ាក MG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA 7120 បានបើកមកក្នុងទិសស្របគ្នា ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តកូរ៉េពីក្រោយពេញទំហឹងតែម្តង បណ្តាលឲ្យរថយន្តកូរ៉េរងការខូចខាតផែ្នកខាងក្រោយបន្តិច ចំណែករថយន្តតាក់ស៊ីវិញ ក៏រងការខូចខាតក្រពឹតផ្នែកខាងមុខផងដែរ។
ប្រភពដដែលបន្តថា ក្នុងហេតុការណ៍ខាងលើនេះ ភាគីទាំងសងខាងមិនទាន់បានចុះពីលើរថយន្តផង ក៏ស្រាប់តែមានប្តីប្រពន្ធ២នាក់បានបើករថយន្តមួយគ្រឿងផ្សេងទៀតម៉ាកកាមរីបាឡែន ពណ៌ស្ករ ធ្វើដំណើរក្នុងល្បឿនលឿន រួចក៏មកបុកពីក្រោយរថយន្តតាក់ស៊ីហាក់ដូចជាជំរុញរថយន្តតាក់ស៊ីផ្ទប់ជាមួយនឹងរថយន្តកូរ៉េបន្តទៀតយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តតាក់ស៊ី រងការខូចខាតខ្ទេចផែ្នកខាងក្រោយបន្ថែមទៀត ចំណែករថយន្តកាមរីបាឡែនវិញ រងការខូចខាតខ្ទេចផែ្នកខាងមុខចំហៀងខាងឆ្វេង ផុងជាប់នៅនឹងគូថរថយន្ដតាក់ស៊ីតែម្តង ។
ពាក់ព័ន្ធក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ គឺគ្រាន់តែរងការខូចខាតរថយន្តធ្ងន់ធ្ងរតែប៉ុណ្ណោះ ហើយភ្លាមៗនោះដែរ ភាគីខាងរថយន្តកូរ៉េ ដែលរងការខូចខាតតិចតួច មិនចង់មានរឿងវែងឆ្ងាយ ក៏សុំយករួចខ្លួន ហើយក៏បើករថយន្តបន្តដំណើរទៅមុខទៀតបាត់តែម្តងទៅ ។
ក្រោយពេលកើតហេតុ នៅសល់តែរថយន្ត២គ្រឿងតែប៉ុណ្ណោះ គឺរថយន្តតាក់ស៊ី និងរថយន្តកាមរីបាឡែន ដែលរងការខូចខាតយ៉ាងដំណំ ហើយដោះស្រាយមិនចេញ ក៏ត្រូវសមត្ថកិច្ច ជំនាញចរាចរណ៍ក្រុងភ្នំពេញ ចុះទៅធ្វើការវាស់វែង នឹងយករថយន្តទាំង២គ្រឿងនេះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដំណោះស្រាយគ្នានៅពេលក្រោយជាបន្តទៀ ត ៕