អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចូលរួមដាំដើមឈើ នៅតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាបជាលើកទី៤

235
UI Promtion 2021

គណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាល និងមន្ត្រីខេត្ត ជាច្រើននាក់ ចូលរួមដាំដើមឈើឡើងវិញ នៅតំបន់៣ ផ្ទៃដីជាប់បឹងទន្លេសាបជាលើកទី៤ ក្នុងភូមិសាស្ត្រឃុំប្រាសាទ និងមួយផ្នែក នៃឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។

ក្នុងការចុះដាំកូនឈើនោះ លោក អ៊ុំ រាត្រី បានថ្លែងថា ការដាំកូនឈើឡើងវិញនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នា ក្នុងការចូលរួមទប់ស្កាត់ ការកាប់ទន្ទ្រានខុសច្បាប់ ដីតំបន់៣ដីព្រៃលិចទឹកបឹងទន្លេសាប ហើយយើងមិនមែនដាំតែពេលនេះទេ ក្នុងស្រុក២ដែលរងការកាប់ទន្រ្ទានខុសច្បាប់ ពីសំណាក់ជនខិលខូច គឺព្រះនេត្រព្រះ ស្រុកមង្គលបូរី នឹងបន្តដាំបន្ថែមទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុក និងអាជ្ញាស្រុក។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ការដាំកូនឈើឡើងវិញ ហើយមន្ត្រីអាជ្ញាធរមូលដ្ឋាន ត្រូវចុះមើលថែទាំកូនឈើ ដែលបានដាំរួចជារៀងរាលខែ ដើម្បីបញ្ជាក់ថា កូនឈើដែលដាំរួចមិនងាប់។

លោកបានធ្វើការសរសើរដល់មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់ថ្នាក់ យុវជន ទាំងអស់ចូលរួមដាំកូនឈើយ៉ាងសស្រាក់សស្រាំ ដោយមិនខ្លាចពីការនឿយហត់ រួមចំណែកការពារធនធានធម្មជាតិ ព្រៃលិចទឹកតំបន់៣បឹងទន្លេសាប ដើម្បីការពារពូជពង្សមច្ឆជាតិ តាមអនុសាសន៍ណែនាំសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងដំណើរការដាំឈើជាលើកទី៤នេះ មានស្នងការនគរបាលខេត្ត កម្លាំងអាវុធហត្ថ ក្រុមការងារសាលាខេត្ត មន្ទីរពាក់ពន្ធ័កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាង៤០០នាក់ ចូលរួមដាំកូនឈើ ដើមឬស្សីចំនួន ១,០០០ដើម, ដើមរាំងទឹកចំនួន ៧០០ដើម និងគ្រាប់ត្នោតចំនួន ៣,៤០០គ្រាប់នៅតំបន់៣ ដីបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា នេះគឺជាយុទ្ធនាការដាំដើមឈើលើកទី៤ ហើយ ដែលអាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រារព្ធធ្វើឡើង៕