ស្រុកបន្ទាយស្រីកំពុងស្វែងរកការគាំទ្រពីពលរដ្ឋដើម្បីខ្ចីដីស្រែអនុវត្តន៍គម្រោងស្រែសង្គមបន្ត

267
UI Promtion 2021

រដ្ឋបាលស្រុកបន្ទាយស្រី កំពុងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់ស្រែនៅឃុំព្រះដាក់ ដើម្បីសុំខ្ចីដីស្រែពួកគេមួយរដូវ សម្រាប់អនុវត្តន៍គម្រោងស្រែសង្គមជាថ្មីទៀតនៅស្រុកមួយនេះ ក្នុងបំណងដើម្បីយកស្រូវអង្ករចែកជូនពលរដ្ឋដែលទីទល់ក្រ និងមានជីវភាពខ្វះខាត ដែលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានសរសេរថា កូវីដនៅតែបង្កផលវិបាកខាងផ្នែកជីវភាពទៅលើក្រុមប្រជាពលរដ្ឋងាយរងគ្រោះ និងដោយសារភាពជោគជ័យនៃគម្រោងនេះកាលពីឆ្នាំកន្លងទៅ «គម្រោងស្រែសង្គម» គឺជាច្រកចេញមួយដ៏ប្រសើរ ដើម្បីជួយរំលែកការលំបាករបស់ប្រជាពរដ្ឋតាមរយៈរូបភាពចូលរួមយ៉ាងទូលំទូលាយទាំងពីសំណាក់ម្ចាស់ស្រែ សប្បុរសជន យុវជនស្ម័គ្រចិត្ត និងអាជ្ញាធរមូលដ្ឋាន រួមកម្លាំង រួមធនធាន រួមមធ្យោបាយ រួមគ្នាដោះស្រាយបញ្ហារួមទាំងអស់គ្នា។ លោកបន្ថែមថា រាល់ការចំណាយត្រូវបានរ៉ាប់រងដោយសប្បុរសជន ចំណែកឯទិន្និផលដែលនៅសេសសល់ទាំងអស់ នឹងត្រូវបានយកទៅប្រើប្រាស់ក្នុងប្រយោជន៍មនុស្សធម៍ទាំងស្រុង។

លោក ឃឹម ហ្វីណង់ បានរំលឹកពីគម្រោងស្រែសង្គមកាលពីឆ្នាំ២០២០ ស្មារតីចូលរួមនៃគម្រោងស្រែសង្គមផលិតបានជាស្រូវជាង៨០តោន ដែលពេលនោះ រដ្ឋបាលស្រុកបានយកទៅបែងចែកដល់ប្រជាពលរដ្ឋនៅក្នុងទូទាំងស្រុកបន្ទាយស្រី។ ប្រសិនបើគម្រោងនេះពិតជាអាចលេចរូបរាងឡើងសារជាថ្មីមែននៅក្នុងឆ្នាំនេះ លោកអភិបាលស្រុកសង្ឃឹមថាសប្បុរសជន និងកម្លាំងស្ម័គ្រចិត្តទាំងអស់នឹងនៅតែបន្តចូលរួមជួយគាំទ្រគម្រោងដើម្បីបុព្វហេតុប្រយោជន៍រួមមួយនេះជាថ្មីម្តងទៀត៕