ជាលើកដំបូងហើយអ្នកសារព័ត៌មាន ទទួលបានការបណ្តុះបណ្តាលលើមូលដ្ឋានគ្រឹះនៃ វិសយ័ធនាគារ និងហិរញ្ញវត្ថុលើកដំបូងនៅកម្ពុជា

146
UI Promtion 2021

ភ្នំពេញ:សមាគមធនាគារនៅកម្ពុជា ,សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជាបាន រៀបចំ វគ្គ បណ្តុះ បណ្តាល អ្នកសារពត៌មាន លើមូលដ្ឋានគ្រឹះ នៃវិសយ័ធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា ។
វគ្គបណ្តុះបណ្តាលនេះ បានចាប់ផ្តើមកាលពីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២២ ដោយមាន កាអញ្ជើញចូលរួម ពីលោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិ នៃ កម្ពុជា លោក ប៊ុន យីន អនុប្រធានសមាគមធនាគារនៅកម្ពុជា លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូ ហិរញ្ញវត្ថុកម្ពុជា និងលោកប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា ចាត់ទុកវគ្គបណ្តុះបណ្តាលនេះ មិនគ្រាន់តែលើកដំបូងសម្រាប់ អ្នក សារពត៌មាន ប៉ុណ្ណោះ ទេ តែវាមានសារសំខាន់ណាស់សម្រាប់អ្នកសារពត៌មានដែលកំពុង បំពេញ ការងារពត៌មាន លើវិស័យ សេដ្ឋកិច្ច។
លោកប្រធានក្លឹបអ្នកកាសែតកម្ពុជា បានឱ្យដឹងទៀតថាៈវគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ដែលឆ្លើយតបបានទៅនឹងបរិបទអន្តរជាតិ ដែលប្រធានបទសេដ្ឋកិច្ច ជាពិសេសវិស័យធនាគារនិងហិរញ្ញវត្ថុកំពុងនាំមុខគេ ហើយដែលទាមទារឱ្យអ្នកសារព័ត៌មាននៅកម្ពុជាពង្រឹងចំណេះដឹងលើផ្នែកនេះ។
លោក ប៉ែន បូណា បានជំរុញឱ្យអ្នកសារព័ត៌មានដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលថ្ងៃនេះ យកចិត្តទុកដាក់លើបទបង្ហាញរបស់បណ្តាវាគ្មិនជំនាញដែលចែករំលែកចំណេះដឹងផ្នែកធនាគារនិងមីក្រូហិរញ្ញវត្ថុ ដើម្បីជាមូលដ្ឋានគ្រឹះរឹងមាំលើផ្នែកនេះ។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក ប៊ុន យីន បានបញ្ជាក់ថា នេះគឺជាលើកទីមួយ ដែលសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រពីសំណាក់ធនាគារជាតិ បានរៀបចំវគ្គបណ្តុះបណ្តាល និង ការប្រគួតប្រជែងនេះឡើង។ លោក ប៊ុន យីន ឱ្យដឹងថា គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង មាន ៣សំខាន់ ៖ គឺបង្កើនទំនាក់ទំនងរវាងអ្នកសារព័ត៌មាន ជាមួយនឹងវិស័យធនាគារ និង ហិរញ្ញវត្ថុ , លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង លើកកំពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈប្រព័ន្ធផ្សព្វផ្សាយ , និងចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដែលបានសម្ពោធ និង ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ។
លោក គា បូរាណ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនាពេលនេះ នឹងលើកកម្ពស់ការយល់ដឹងបន្ថែមលើវិស័យធនាគារ និងហិរញ្ញវត្ថុ ជូនដល់មិត្តអ្នកសារព័ត៌មាន ដើម្បីចូលរួមចំណែកអោយការផលិតមាតិការ មិនថាជាទម្រង់អត្ថបទសសេរ សម្លេង ឬវីដេអូ ទៅតាមបរិបទនៃការរីកលូតលាស់របស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ លោកបានបង្ហាញជំនឿថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ នឹងដើរតួនាទីក្នុងការផ្សារភ្ជាប់បន្ថែមនូវទំនាក់ទំនងរវាងវិស័យសារព័ត៌មាន និងវិស័យហិរញ្ញវត្ថុ ក៏ដូចជាចូលរួមលើកកម្ពស់ចំណេះដឹងបន្ថែមដល់សិក្ខាកាមដែលបានចូលរួម ដើម្បីជាគុណប្រយោជន៍ក្នុងការផលិតព័ត៌មានដែលមានគុណភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈក្នុងការបម្រើដល់មិត្តអ្នកអាន អ្នកទស្សនា និងសាធារណៈជនទូទៅ។
រីឯលោក គិត សុវណ្ណារិទ្ធ បានសម្តែងការកោតសរសើរចំពោះសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ហើយក៏សូមថ្លែងអំណគុណដល់អ្នកសារព័ត៌មានដែលចំណាយពេលចូលរួមនាពេលនេះ។លោក គិត សុវណ្ណារិទ្ធ បន្តថាស្របគ្នានឹងការរីកចម្រើនដ៏រហ័សនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានោះ ក៏មានបញ្ហាមួយចំនួនដែលត្រូវយកចិត្តទុកដាក់ ជាពិសេស ការកើនឡើងនៃអ្នកជំពាក់បំណុល ជាពិសេសប្រជាពលរដ្ឋក្រីក្រ។ ឆ្លើយតបនឹងបញ្ហានេះ លោក គិត សុវណ្ណារិទ្ធ សង្កត់ធ្ងន់ថា គឺការអប់រំ និងបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ទៅដល់ប្រជាពលរដ្ឋគឺមានសារៈសំខាន់ខ្លាំងណាស់ ហើយអ្នកសារព័ត៌មានអាចធ្វើរឿងនេះបានតាមរយៈការផ្សព្វផ្សាយរបស់ខ្លួន៕