នគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនក្មេងទំនើង៣នាក់ ក្នុងចំណោម១០នាក់ ក្រោយបង្ហោះម៉ូតូពេញផ្លូវសាធារណៈ

222
UI Promtion 2021

លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ភ្នាក់ងារព័ត៌មានអង្គភាព Fresh News ថា ក្មេងទំនើងទាំង ៣នាក់នេះ ត្រូវបានឃាត់ខ្លួនក្រោយប្រជាពលរដ្ឋបានបង្ហោះវីដេអូស្ដីពី ការបង្ហោះម៉ូតូរបស់ក្រុមក្មេងទំនើងនេះចំនួន៥គ្រឿង ដែលបង្កភាពអសន្ដិសុខ អសណ្ដាប់ធ្នាប់នៅតាមផ្លូវសាធារណៈ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ហើយកម្លាំងនគរបាលក៏បានស្រាវជ្រាវ និងរកឃើញមុខសញ្ញាចំនួន៣នាក់ ដោយឃាត់ខ្លួនយកមកអធិការរដ្ឋាននគរបាលក្រុងតាខ្មៅតែម្ដងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២១នេះ។

ក្មេងទំនើងទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះជា ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស
*ទី២៖ ឈ្មោះ នឿន ផាយុក ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល
*ទី៣៖ ឈ្មោះ ហ៊ុល លីហៀង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

រីឯបក្ខពួក៧នាក់ផ្សេងទៀត ត្រូវស្គាល់ឈ្មោះចំនួន២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ជួន សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស
*ទី២៖ ឈ្មោះ គឹម សាន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបសិស្សវិទ្យាល័យហ៊ុសែនតាខ្មៅ (គេចខ្លួន)។ ចំណែកបក្ខពួក៥នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ និងកំពុងគេចខ្លួនផងដែរ។

តាមដំណើររឿងនៅវេលាកើតហេតុ ក្រុមក្មេងទំនើងទាំងនេះ បានជិះម៉ូតូចំនួន៥គ្រឿង មានគ្នា១០នាក់ដោយមួយគ្រឿងជិះគ្នា២នាក់ លុះជិះដល់កន្លែងកើតហេតុ ក្រុមក្មេងទំនើងបានបង្ហោះម៉ូតូពេញផ្លូវ ក្នុងពេលនោះក៏មានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវបានថតវីដេអូ ពីសកម្មភាពនោះរួចបង្ហោះតាមបណ្តាញសង្គម។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញក្រុងតាខ្មៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានស្រាវជ្រាវកំណត់អត្តសញ្ញាណរហូតដល់ថ្ងៃទី១៩ ខែមករា ទើបឃាត់ខ្លួនមុខសញ្ញាចំនួន៣នាក់ រួមទាំងមធ្យាបាយចំនួន៣គ្រឿង បញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងខ្មៅ ដើម្បីសាកសួរតាមនីតិវិធី។ រីឯបក្ខពួកចំនួន៧នាក់ផ្សេងទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកសួរនាំផងដែរ៕