ក្រសួងអប់រំ ចេញសេចក្តីណែនាំឱ្យអនុវត្តពង្រឹងវិធានការសុវត្ថិភាពសុខភាពជាចម្បង នៅតាមសាលារៀនទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេស

267
UI Promtion 2021

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្ដីពីការពង្រឹងវិធានការសុវត្ថិភាពសុខភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេស។ នេះបើតាមចេញសេចក្តីណែនាំរបស់ក្រសួង ដែលបណ្ដាញព័ត៌មានCHN ព័ត៌មានទាន់ហេតុការណ៍ ទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ។
សេចក្តីណែនាំ បានបញ្ជាក់ថា យោងតាមការប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល មេរោគបំប្លែងខ្លួនអូមីក្រុង បានរីករាលដាលដល់ខេត្តមួយចំនួន ដើម្បីចូលរួមទប់ស្កាត់ ការរាតត្បាត យ៉ាងឆាប់រហ័ស នៃវីរុសបំប្លែងខ្លួនអូមីក្រុង នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ សូមធ្វើការណែនាំ ដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ នូវចំណុចសំខាន់ៗ មួយចំនួន ដូចខាងក្រោម៖
១៖ ពង្រឹងការអនុវត្តវិធានការសុខាភិបាល ការពាក់ម៉ាស់ការពារឲ្យបានខ្ជាប់ខ្លួន និងការរក្សាគម្លាតសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់
២៖ ត្រួតពិនិត្យសុខភាព និងអាការៈ របស់គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្សានុសិស្សឲ្យបានជាប្រចាំក្នុងករណីមានកម្តៅលើសពី ៣៧,៥ អង្សាសេ ឬមានរោគសញ្ញា ដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវណែនាំឲ្យទៅរកសេវាសុខាភិបាលសមស្រប និងអនុញ្ញាតឲ្យឈប់សម្រាករហូតបានធូរស្រាល សុខភាពជាប្រក្រតី ទើបត្រឡប់មកបំពេញភារកិច្ច និងបន្តការសិក្សា ដោយផ្ទាល់នៅគ្រឹះស្ថានសិក្សាវិញ
៣៖ អនុវត្តការបង្រៀន និងរៀនតាមបណ្តុះ (សិស្សមិនលើសពី ២០ នាក់) និងឆ្លាស់វេន ចំពោះគ្រឹះស្ថានសិក្សាដែលមានចំណុះសិស្សច្រើន រួមជាមួយ និងការបង្រៀន និងរៀនតាមអនឡាញ។
ទទួលសេចក្តីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ដើម្បីចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕