សម្តេចតេជោ ផ្តាំទៅរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី កុំឲ្យព្រហើនពេក

170
UI Promtion 2021

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈប្រធានាធិបតីឥណ្ឌូនេស៊ី បានផ្ញើសារផ្តាំទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា កុំព្រហើនពេក ដែលមានសំដី មិនគប្បី ចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេសប្រធានអាស៊ានតែម្ដង ។ សម្តេចបានប្រតិកម្មថា សំដីរបស់ប្រមុខ ការទូត ម៉ាឡេស៊ីនេះ មិនសមជាភាសាការទូតទេ ។ នេះបើយោងតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។

លោក Saifuddin Abdullah ជារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី តាមរយៈបទសំភាសន៍ ជាមួយសារព័ត៌មានបរទេសកាលពីពេលថ្មីៗនេះ បានវាយប្រហារ និងរិះគន់ទាក់ទងទៅនឹងដំណើរ សម្តេចតេជោ ទៅមីយ៉ាន់ម៉ា កាលពីថ្ងៃ៧-៨មករា ។

ការផ្ញើសាររបស់សម្តេចតេជោទៅលោក Saifuddin Abdullah នេះ បានធ្វើឡើងក្នុងជំនួបជាមួយលោក យូកូ វីដូដូ ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ ។

សម្ដេចតេជោ តាមរយៈប្រធានាធិបតីបានស្នើទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី រ៉េតណូ ដើម្បីឲ្យលោកស្រីជូនសាររបស់សម្ដេចតេជោ ទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ។ បើតាមសម្តេច រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ធ្លាប់ធ្វើការនៅក្នុងគណបក្សប្រឆាំង ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ហើយមិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលគាត់(រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី) បានធ្វើកន្លងទៅនេះ គឺវាមិនត្រឹមត្រូវនៅក្នុងក្របខណ្ឌអាស៊ាននេះ”។

សម្ដេចតេជោបានមានប្រសាសន៍បន្តថា “កុំឲ្យរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ព្រហើនពេកដែលមានសំដីសំដៅមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេសប្រធានអាស៊ានតែម្ដង ដែលមិនសមជាភាសាការទូត ដូច្នេះហើយកុំឲ្យយកលក្ខណៈព្រហើន ដែលលើកឡើងកន្លងទៅនេះ មិនដូចភាពជាក់ស្ដែងដែលអ្នកមួយចំនួន ដែលគេតាមដានការងារអាស៊ាន ឬធ្វើការងារអាស៊ាននេះ ហើយគាត់ខ្វះនូវការគួរសមទៀតផង” ។

ក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោក៏បានមានប្រសាសន៍ទៀតថា ថ្វីត្បិតការធ្វើទស្សនកិច្ចនេះ គឺមិនមែនជាលទ្ធផលដែលធ្វើបានក្នុងរយៈពេល១ថ្ងៃ ឬ១ខែនោះទេ ប៉ុន្តែក៏ទទួល បានលទ្ធផលមួយចំនួនផងដែរ ដូចជាពាក់ព័ន្ធទៅនឹងបទឈប់បាញ់ និងការបញ្ឈប់អំពើហិង្សា ហើយអ្វីដែល សំខាន់ទៀត គឺការផ្ដល់ ជូនជំនួយមនុស្សធម៌ ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការជំនួយ ជាចាំបាច់ ហើយជាពិសេស គឺការធ្វើការជាមួយ នឹងប្រេសិតពិសេស របស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន មជ្ឈមណ្ឌលអាហាររបស់អាស៊ាន៕


https://fb.watch/aG8832JmbA/