លោករដ្ឋមន្រ្តីវេងសាខុនអញ្ជើញក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព្រៃឈើឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់រដ្ឋបាលព្រៃឈើ

129
UI Promtion 2021

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងមានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព្រៃឈើឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់រដ្ឋបាលព្រៃឈើ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពលោក រដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមពី លោកជាថ្នាក់ដឹកនាំក្រសួង និងអង្គភាពក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត លោក លោកស្រី និងមន្រ្តីរដ្ឋបាលព្រៃឈើ។
ជាកិច្ចចាប់ផ្តើម លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋ បាលព្រៃឈើ បានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីលទ្ធផលសម្រេចបាននាឆ្នាំកន្លងមក ជាពិសេសលទ្ធផលនៃកិច្ចប្រជុំរយ:ពេល ២ថ្ងៃកន្លងមកនេះ ដោយបានរំលេចពីសមិទ្ធផលសំខាន់ៗទាក់ទងនឹងការស្តារព្រៃឈើឡើងវិញ បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ការបង្កើត ពង្រឹង និងបង្កើនជីវភាពសហគមន៍ព្រៃឈើ ការអនុវត្តវិធានការយ៉ាងម៉ឺងមាត់ក្នុងការគ្រប់គ្រង និងទប់ស្កាត់បទល្មើសព្រៃឈើ ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងព្រៃបម្រុងទុក ការបង្កើតតំបន់ព្រៃសម្រាប់អភិរក្សធនធានពន្ធុរុក្ខជាតិ និងសត្វព្រៃ ព្រមទាំងបោះ បង្គោលព្រំប្រទល់ព្រៃបម្រុងទុកអចិន្ត្រៃយ៍ ការដាំឈើនៅតាមស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃ ឈើ ។ សកម្ម ភាពទាំងអស់នេះ ពិតជាបានឆ្លើយតបទៅនឹងគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការ កែទម្រង់វិស័យព្រៃឈើ និងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវភាពជោគជ័យនៃការអនុវត្តគោល នយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។ ក្រៅពីនេះ ឯកឧត្តមប្រតិភូ ក៏បានលើក ឡើង អំពីបញ្ហាប្រឈមសំខាន់ៗក្នុងការអនុវត្តការងារកន្លងមក រួចបានដាក់ចេញនូវទិសដៅ និងផែនការអនុវត្តបន្តសម្រាប់ឆ្នាំ២០២២ ផងដែរ។
លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកថ្នាក់ដឹកនាំនិងមន្រ្តីរដ្ឋបាលព្រៃឈើគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវ ឈរលើឧត្តមភាពនៃចំណេះ ជំនាញ និងបទពិសោធន៍ល្អៗ ដើម្បីការពារ និងអភិរក្សព្រៃឈើដែលជាសម្បត្តិរបស់ជាតិ។ សកម្មភាពរួមដែលរដ្ឋបាលព្រៃឈើបានអនុវត្តកន្លង មក អនុវត្តគោល នយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលដោយបានដាក់ចេញនូវបទ បញ្ជាសំខាន់ ៣ គឺ៖
១- ការគ្រប់គ្រងធនធានព្រៃឈើ ព្រៃបម្រុងទុកសម្រាប់ការប្រើប្រាស់ក្នុងស្រុក រួមចំណែកទប់ទល់នឹងគ្រោះរាំងស្ងួត ទឹកជំនន់ ពិសេសការប្រែប្រួលអាកាសធាតុ ការត្រួត ពិនិត្យ និងគ្រប់ គ្រងការធ្វើអាជីវកម្មព្រៃឈើ
២-ការពារធនធានធម្មជាតិ ជីវៈចម្រុះ និងប្រភេទឈើជិតផុតពូជ
និង៣- លើកកម្ពស់ការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ព្រៃឈើដោយឆន្ទៈ ម្ចាស់ការ និងតម្លាភាព។ លោករដ្ឋមន្ត្រីបានរំលេចអំពីសារ:ប្រយោជន៍នៃធនធានព្រៃឈើដែលជាប្រភពធនធានធម្មជាតិដ៏មានតម្លៃ លើកកម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសហគមន៍ព្រៃឈើ រក្សានិរន្តរភាពបរិស្ថាន អេកូធម្មជាតិ និងទេសចរណ៍ ជាប្រព័ន្ធការពារទីជម្រាល ការពារជីវៈចម្រុះ ផ្តល់ជម្រក និងអាហារសម្រាប់ជីវិតរស់នៅរបស់មនុស្ស និងសត្វព្រៃគ្រប់ប្រភេទ។ល។ ទាំងអស់នេះគឺជាកម្មវត្ថុដ៏សំខាន់ដែលយើងត្រូវលើកកម្ពស់ស្មារតីទទួល ខុសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស៊ីជម្រៅ ទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងឆ្នាំ២០២២។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងច្បាស់ជូនអង្គពិធីជ្រាបថា ពិតណាស់នៅពីក្រោយ សមិទ្ធផលសំខាន់ៗដែលលោកប្រតិភូបានរាយការណ៍ជូនជ្រាបខាងលើ គឺមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ទទួលខុសត្រូវ បានយ៉ាងល្អប្រសើរពីលោកថ្នាក់ដឹកនាំក្រសួង មន្រ្តីក្រោមឱវាទ អន្តរស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ដែលបានជួយគាំទ្រ សម្របសម្រួល បានផ្តល់កិច្ចសហការបានយ៉ាងពេញលេញនាពេលកន្លងមក។ លោកបានវាយតម្លៃខ្ពស់ចំពោះឆន្ទ: និងឧត្តមគតិនេះ ហើយសង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះនឹងបន្តពង្រឹង និងពង្រីកឱ្យកាន់តែល្អប្រសើរថែមទៀត ក្នុងឆ្នាំ២០២២នេះ។ ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់អនុវត្ដបន្ដក្នុងឆ្នាំ២០២២ ដើម្បីធានាដល់ការពង្រឹងសមត្ថភាពគ្រប់គ្រង និងអភិវឌ្ឍវិស័យព្រៃឈើជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រីបានក្រើនរំលឹកឱ្យថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទរដ្ឋបាលព្រៃឈើត្រូវពិនិត្យឡើងវិញលើចំណុចសំខាន់ៗដែលបានផ្តល់ជូនកន្លងមក រួមទាំងអនុសាសន៍មួយចំនួនទៀតសម្រាប់ឆ្នាំនេះ ដើម្បីយកទៅធ្វើជាមូលដ្ឋានគ្រឹះ ជាត្រីវិស័យបង្ហាញផ្លូវ និងជាយុទ្ធសាស្រ្តដើម្បីអនុវត្តការងារ និងដោះ ស្រាយបញ្ហាឱ្យទទួលបានជោគជ័យបន្ថែមទៀតសម្រាប់ឆ្នាំ២០២២៕