យោធិនពិការ យោធភូមិភាគទី៥ ត្រូវបានបើកប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាលើកដំបូង

295
UI Promtion 2021

ខេត្តបាត់ដំបង៖ នេះបេីយោងតាមប្រភពព័ត៌មានពីបញ្ជាការដ្ឋានយោធភូមិភាគទី៥ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការ គោលនយោបាយយោធិន ពលី មរណៈ បង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ បានដឹកនាំក្រុមការងារ បើកថវិកាគោលនយោបាយ របស់រាជរដ្ឋាភិបាល យោធិនពិការ យោធភូមិភាគទី៥ ដែលត្រូវបានផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិ ដែលមានការចូលរួមទទួលស្វាគមន៍ដោយ លោកឧត្តមសេនីយ៍ត្រី ហូ ភូរិន្រ្ទ នាយសេនាធិការរង យោធភូមិភាគទី៥។
ថ្លែងក្នុងពិធី លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ បានពន្យល់អំពីច្បាប់ និងគោលរបប នីតិវិធីក្នុងការបើកប្រាក់ ក្នុងបរិបទកូវីដ-១៩ ៣កុំ ៣ការពារ។
លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានលើកអំពីវីរភាពរបស់យោធិនយើង ដែលកន្លងមក បានបម្រើក្នុងជួរកងទ័ព ដើម្បីជាតិមាតុភូមិ ខ្លះត្រូវបានពលី និងខ្លះទៀតត្រូវធ្លាក់ខ្លួនពិការ ហើយត្រូវទទួលបានការបើកប្រាក់គោលនយោបាយនាពេលនេះ ជាការឆ្លើយតប និងដឹងគុណពីសំណាក់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ហើយបងប្អូនត្រូវផ្ទេរជីវភាពបើកបន្តនៅ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រហូតអស់មួយជីវិត។ លោកឧត្តមសេនីយ៍ឯក សង្ឃឹមថា៖ បងប្អូនទាំងអស់ នៅពេលបានបើកប្រាក់គោលរបបបានហើយ សូមបងប្អូនយកទៅប្រើប្រាស់អោយមានប្រយោជន៍ និងបង្កើនជីវភាពគ្រួសារឱ្យមានភាពរីកចម្រើន ដើម្បីផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗ ដើម្បីបន្តវេនរួមគ្នាកសាងអភិវឌ្ឍប្រទេស។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានសំណូមពរដល់យោធិនសោធននិវត្តន៍ យោធិនពិការ សូមចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវវិធានការ ៣ការពារ និង ៣កុំ៕