ក្រសួងសាធារណការ និងដឹកជញ្ជូន ប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី

160
UI Promtion 2021

ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ដឹកនាំដោយលោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមអមដំណើរពីលោក Peter Brongers អគ្គនាយកក្រុមហ៊ុន HGB Group លោក James Zemke អគ្គនាយកក្រុមហ៊ុន Mercedes លោក Hy Ramy នាយកប្រតិបត្តិផ្នែកហិរញ្ញ វត្ថុក្រុមហ៊ុន HGB Group និងលោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធផងដែរ។
ជំនួបនេះផ្តោតការពិភាក្សាលើគោលនយោបាយសម្រាប់ការគាំទ្រសម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី (EV) នៅកម្ពុជា និងការជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី។
ថ្លែងក្នុងជំនួបនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីការរៀបចំសេចក្តីព្រាងគោល នយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (EV) ក្នុងការចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូន កិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ដើម្បីដំឡើងស្ថានីយសាកថ្ម Evs ចំនួនប្រាំទីតាំង រួមមាន៖ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងបណ្តារាជធានី-ខេត្តមួយចំនួន គម្រោងដំឡើង ស្ថានីយថ្ម EV នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ២០២២ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ PTT និងគម្រោងដំឡើងស្ថានីយសាកថ្ម EV នៅក្នុងរាជធានីចំនួន១០ទីតាំង ដោយសហការជាមួយវិស័យឯកជនផងដែរ។
ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីនាំមុខ និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ និងបានបន្ថែមថា៖ រាជរដ្ឋាភិបាលមានការបើកចំហរទូលំ ទូលាយដល់វិនិយោគិនទាំងក្នុងស្រុក ក៏ដូចជាក្រៅស្រុកវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី។
ជាមួយគ្នានោះផងដែរ គណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានសំណូមពរឱ្យក្រសួងជួយពិនិត្យ និងសម្របសម្រួលលើការងារបច្ចេកទេសពាក់ព័ន្ធនឹងការដំឡើងឧបករណ៍ស្តង់ដារួម (យថាប្រភេទតែមួយ) ដែលអាចឱ្យរថយន្តដើរដោយថាមពលអគ្គិសនីគ្រប់ប្រភេទទាំងអស់ដោតសាកថ្ម EVs នៅតាមស្ថានីយសាកថ្មណាមួយក៏បាន និងបានស្នើឱ្យមានគោលនយោបាយសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនីផងដែរ។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យសហព័ន្ធសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រី ជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង សំដៅដោះស្រាយបញ្ហាដែលសហព័ន្ធបានលើកឡើងឱ្យបានជោគ ជ័យ ដើម្បីជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីបានទូលំទូលាយ និងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីវិស័យឯកជន ក៏ដូចជាសាធារណជនជាទូទៅផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីការបង្កើតវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងដោះស្រាយបញ្ហាកង្វះអ្នក បច្ចេកទេសសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាន ការបង្កើតមណ្ឌលផ្តល់សេវាសាធារណៈ ដើម្បីបង្ខិតសេវាទៅកៀកប្រជាពលរដ្ឋ ការបង្កើតកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់អាចចូលរួមរាយការណ៍អំពីផ្លូវខូច និងជង្ហុកសំបុកមាន់ កម្មវិធីកាត់ពិន្ទុ បណ្ណបើកបរ និងការផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដំឡើងជញ្ជីងថ្លឹងយានយន្តដោយស្វ័យប្រវត្តិ (Weigh in motion)ដើម្បីថែរក្សាផ្លូវឱ្យមានអាយុកាលប្រើប្រាស់បានយូរអង្វែង គម្រោងបង្កើតកម្មវិធី App សម្រាប់តាមដានការសាងសង់ និងជួសជុលថែទាំផ្លូវ និងការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាត់បន្ថយការចំណាយក្រៅផ្លូវការផងដែរ។
ក្រោយជំនួបសម្តែងការគួរសម ឯកឧត្តមទេសរដ្ឋមន្ត្រីបានអញ្ជើញគណៈប្រតិភូសហព័ន្ធធ្វើទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនដូចជា៖ បន្ទប់ថតសំឡេង បន្ទប់ពិសោធន៍ និងបណ្ដុះបណ្ដាលបច្ចេកវិទ្យា (IT LAB) បន្ទប់ផលិតកម្មវិធី មណ្ឌលផ្ដល់សេវាសាធារណៈ និងទីតាំងសំខាន់ៗមួយចំនួនផ្សេងទៀតនៅក្នុងបរិវេណទីស្ដីការក្រសួង ក្រោមការសម្របសម្រួលពីលោកប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ៕