ត្រីផ្សោតមួយក្បាលកន្ទុយជាប់មងអាចប្រឈមនឹងការស្លាប់នៅតំបន់ទេសចរណ៍ព្រះរំកិល

270
UI Promtion 2021

មន្ត្រីឆ្មាំទន្លេលោក ដន បាន់ បានឲ្យដឹងនៅថ្ងៃទី ២៥ ខែមករានេះថា អស់រយៈពេលជិតមួយខែហើយ ដែលត្រីផ្សោតមួយក្បាលនេះ កន្ទុយវាបានជាប់មងតាំងពីថ្ងៃទី ៦ ខែមករា រហូតមកដល់ពេលនេះ ប្រជាសហគមន៍ រួមជាមួយឆ្មាំទន្លេ និងមន្ត្រីពាក់ព័ន្ធ តាមជួយសង្គ្រោះ តែមិនអាជួយសង្គ្រោះបាន។ លោកបានបន្តឲ្យដឹងទៀតថា បើសិនមិនអាចសង្គ្រោះ ដោះមងចេញពីកន្ទុយវាបានទេ វាអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារតែ វាមិនអាចចាប់ចំណីបាន សម្រាប់ទ្រទ្រង់រាងកាយវាបានយូរប៉ុណ្ណាទៀតនោះទេ ព្រោះរហូតមកដល់ថ្ងៃនេះ ត្រីផ្សោតមួយក្បាលនេះបានធ្លាក់ខ្លួនស្គមជាងមុន នឹងស្ថានភាពចុះខ្សោយជាបណ្ដើរៗហើយ។
លោក ផយ វណ្ណា ប្រធានសហគមន៍ទេសចរណ៍ព្រះរំកិល ក៏បានបញ្ជាក់ឱ្យដឹងដែរថា ត្រីផ្សោតមួយក្បាលនេះ យើងឃើញវាផុសឡើងទាំងកន្ទុយជាប់មង ក្នុងស្ថានភាពស្គមជាងមុន និងស្ថានភាពចុះខ្សោយជាងមុន ប្រឈមគ្រោះថ្នាក់នៅថ្ងៃខាងមុខ បើសិនជាក្រុមការងារជួយសង្គ្រោះ មិនអាចជួយសង្គ្រោះដោះមងចេញពីកន្ទុយវាបាននោះ។ លោកបានបន្តឲ្យដឹងទៀតថា ទោះជាពេលនេះ យើងមិនអាចជួយសង្គ្រោះវាបានមែន តែក្រុមការងារនៅតែព្យាយាមរកដំណោះស្រាយ និងវិធីជួយសង្គ្រោះ ទោះជួយបាន ឬមិនបានយើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព។ លោកស្រី សំ វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលបានឲ្យដឹងដែរថា ក្រុមការងារជួយសង្គ្រោះ នៅតែបន្តជួយសង្គ្រោះ តែវាក៏នៅតែជាបញ្ហាប្រឈមដែរ ព្រោះយើងគ្មានសម្ភារៈសម្រាប់ជួយបាន ហើយលោកក៏បានរាយការណ៍ ទៅមន្ត្រីជំនាញថ្នាក់ជាតិ នៃរដ្ឋបាលជលផល និងជូនដំណឹង ទៅផ្នែកអង្គការ wws ដើម្បីស្វែងរកដំណោះស្រាយ សង្គ្រោះត្រីផ្សោតមួយក្បាលនេះដែរ។
បច្ចុប្បន្នត្រីផ្សោតមួយក្បាលនេះ កំពុងប្រឈមនឹងគ្រោះថ្នាក់ ព្រោះអស់រយៈពេលជិត មួយខែហើយ ដែលកន្ទុយវាជាប់មង មិនអាចចាប់ចំណីបាន ធ្លាក់ខ្លួនស្គម និងខ្សោយកម្លាំងអាចប្រឈមនឹងការស្លាប់បើមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា៕