ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា

271
UI Promtion 2021

នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីពិភាក្សាអំពីការអញ្ជើញ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសជប៉ុន នាពេលខាងមុខ។
ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលក្នុងនោះ ទំនាក់ទំនងលើវិស័យការពារជាតិ ក៏បានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏សំខាន់មួយ គឺការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២ ហើយក៏ជាការបញ្ជូនកងស្វ័យការពារជប៉ុនចេញក្រៅប្រទេសជាលើកដំបូងរបស់ជប៉ុនផងដែរ។ ក្នុងន័យនេះ ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំ២០២២ គឺចំពេលនៃការប្រារព្ធខួប ទី៣០ឆ្នាំ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃប្រតិបត្តិការថែរក្សាសន្តិភាពនេះ។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជាពិសេសការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជា មេបញ្ជាការ។ លើសពីនេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានបង្ហាញនូវការបេ្តជ្ញា បន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ ទោះ បីជាមានការរំខានដោយសារកត្តាជំងឺកូវីដ-១៩ យ៉ាងណាក៍ដោយ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានសម្តែងនូវការកោតសរសើរចំពោះ សមេ្តចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិតធ្វើឱ្យមានការកែលម្អស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា និងបានគូសបញ្ជាក់ថា ប្រទេសជប៉ុនប្តេជ្ញាជួយដល់កម្ពុជាក្នុងការបំពេញភារកិច្ចជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ ឱ្យទទួលបានជោគជ័យ។ ទន្ទឹមនោះផងដែរ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានអបអរសាទរដែល ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ បោះឆ្នោត ជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
ជាការឆ្លើយតប ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អតាំងពីអតីតកាលមក ជាអាទិ៍ ការចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និង ការផ្តល់ជំនួយក្នុងការកសាង និងអភិវឌ្ឍកម្ពុជាក្នុងវិស័យសំខាន់ៗជាច្រើន ក៏ដូចជាជំនួយឧត្ថម្ភនានាក្នុងពេលចំពោះមុខ សម្រាប់ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញនៅក្រោយទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៍បានថ្លែងអំណរគុណសម្រាប់ការអញ្ជើញ ឯកឧត្តម ទៅទស្សនកិច្ចនៅប្រទេសជប៉ុន ជាពិសេសស្របពេលនៃការប្រារព្ធខួប ទី៣០ នៃប្រតិបត្តិការរក្សាសន្តិភាពជាប្រវត្តិសាស្ត្ររបស់ជប៉ុននៅកម្ពុជា។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពក្នុងក្របខ័ណ្ឌកងទ័ពជើងគោក ដែលមានដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ជាដើម ហើយសង្ឃឹមថាសកម្មភាពទាំងនេះ នឹងចាប់ផ្តើមមានសន្ទុះឡើងវិញនៅក្រោយស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល៕