យន្តហោះយោធាសហរដ្ឋអាមេរិក ដឹកសព្វាវុធទៅទម្លាក់ឲ្យអ៊ុយក្រែន ខណៈរុស្ស៉ីកំពុងធ្វើសមយុទ្ធ បង្ហាញសាច់ដុំ

296
UI Promtion 2021

យន្តហោះយោធាសហរដ្ឋអាមេរិក បានដឹកសព្វាវុធជាច្រើន ទៅទម្លាក់នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ដែលជាកញ្ចប់ជំនួយយោធាតម្លៃ ២០០លានដុល្លាររបស់ទីក្រុងវ៉ាស៊ីនតោន ខណៈអ៊ុយក្រែនត្រូវបាន លោកខាងលិចអះអាង កំពុងប្រឈមមុខនឹងការគំរាមកំហែង ពីប្រទេសរុស្ស៊ីកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អូឡេកស៊ី រេស្នីកូវ (Oleksii Reznikov) បានប្រាប់ក្រុមអ្នកសារព័ត៌មាន មុនយន្តហោះយោធាអាមេរិក ចុះចតនៅទីក្រុងកៀវ នៅថ្ងៃអង្គារសប្តាហ៍នេះថា «ដៃគូនានារបស់យើងកំពុងតែបង្កើនបរិមាណ នៃការផ្តល់ជំនួយផ្នែកយោធា។ ហើយសម្រាប់ថ្ងៃនេះ យើងកំពុងត្រៀមទទួលយន្តហោះទី ៣ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការផ្តល់ជំនួយនេះ»

សម្រាប់ជំនួយដែលសហរដ្ឋអាមេរិក បានដឹកជញ្ជូនតាមយន្តហោះយោធា មកដល់អាកាសយានដ្ឋានអន្តរជាតិ បូរីស្ពីល (Boryspil) របស់អ៊ុយក្រែន នោះរួមមាន គ្រាប់មីស៊ីល ចាវេលីន (Javelin) និងជើងទម្របាញ់ផងដែរ។ វាបានកើតមានឡើង ខណៈរុស្ស៊ីនៅថ្ងៃអង្គារសប្តាហ៍នេះត្រូវបានគេអះអាងថា បានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅលើទឹកដីរបស់ខ្លួន ក្បែរព្រំដែនអ៊ុយក្រែន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្តេជ្ញា ផ្តល់ជំនួយគាំទ្រផ្នែកសន្តិសុខ ទៅកាន់ប្រទេសអ៊ុយក្រែនប្រមាណ ៦៥០លានដុល្លារ កាលពីឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ បើគិតចាប់តាំងពីឆ្នាំ ២០១៤ ដែលប្រទេសរុស្ស៊ីបានក្រសោបយកតំបន់ គ្រីមា (Crimea) ពីអ៊ុយក្រែនវិញនោះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយទៅអ៊ុយក្រែន សរុបជាង ២.៧ពាន់លានដុល្លាររួចមកហើយ៕