អាជ្ញាធររាជធានីភ្នំពេញ រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ពេលបុណ្យ ចូលឆ្នាំចិន និងវៀតណាម ខាងមុខនេះ ហាមដាច់ខាតការដុតផាវ និងកាំជ្រួចគ្រប់ប្រភេទ ការលេងល្បែងស៊ីសង និងការហែក្បួនសាសនា

190
UI Promtion 2021

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងហាមដាច់ខាតការដុតផាវ កាំជ្រួច និងការបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ការលេងល្បែងស៊ីសង និងការហែក្បួនសាសនា ឬប្រពៃណី ដែលគ្មានការអនុញ្ញាត អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ២០២២នេះ។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណចិន និងវៀតណាម ដែលបណ្តាញព័ត៌មានទទួលបាន។
ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖
១.ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។
២.នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា ត្រូវអនុវត្តនូវវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង និងត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែក ការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។
៣.ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
៤.មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។
៥.រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការកងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។
៦.ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវចេញបទបញ្ជាឱ្យម៉ឺងម៉ាត់ដល់របស់ខ្លួន ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
៧.ជនណាបំពានលើសេចក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕