កម្ពុជា គ្រោងនិងបង្កើត FTA ជាមួយ សហភាពអារ៉ាប់រួម ដើម្បីជំរុញឱកាស វិនិយោគ

137
UI Promtion 2021

ភ្នំពេញៈ ក្នុងឱកាសចូលរួម ពិធីប្រារព្ធទិវាជាតិកម្ពុជា ក្នុងពិព័រណ៍ ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បី រៀបចំ-ចូលរួម ពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា និងជាអគ្គស្នងការរបស់កម្ពុជា សម្រាប់ពិព័រណ៍ ពិភពលោក ២០២០ ឌុយបៃ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគី ជាមួយភាគីសហភាព អារ៉ាប់រួម ដែលដឹកនាំដោយ លោកបណ្ឌិត ថានីប៊ីន អាម៉េដ អាល់ហ្ស៊េរយូឌី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម ដើម្បីពិនិត្យ លទ្ធភាពចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) និងជំរុញលើឱកាសវិនិយោគ រវាងប្រទេសទាំងពីរ។
នៅក្រោយចប់កិច្ចប្រជុំ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ក្រសួង ពាណិជ្ជកម្ម បានឲ្យដឹងថាៈ នៅក្នុងជំនួបនាឱកាសនោះ ភាគីសហភាពអារ៉ាប់រួម បានជម្រាបជូនកម្ពុជា អំពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ របស់សហភាពអារ៉ាប់រួម ព្រមទាំងបាន ស្នើឱ្យភាគីកម្ពុជា ជួយផ្តល់ព័ត៌មាន អំពីសក្ដានុពលវិនិយោគនៅកម្ពុជា និងសិក្សាបន្ថែម អំពីលទ្ធភាពវិនិយោគរួមគ្នា នាពេលអនាគត ជាពិសេស ចង់ឱ្យមានក្រុមការងារមួយ ដើម្បីសិក្សា និងពិនិត្យ លទ្ធភាព ក្នុងការចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងប្រទេស ទាំងពីរ ដូចដែលសហភាពអារ៉ាប់រួម បានធ្វើជាមួយប្រទេសឥណ្ឌា និងបណ្តាប្រទេស អាស៊ាន មួយចំនួន កន្លងមក ក្នុងគោលបំណងបង្កើនសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ថែមមួយកម្រិតទៀត។
ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនភ្ញៀវថា កម្ពុជាមានធនធាន ធម្មជាតិ អំណោយផល ជាច្រើន រួមមាន កសិផលរាប់ពាន់មុខ និងមានវិស័យ សក្តានុពល ជាច្រើន ដែលកំពុងអភិវឌ្ឍដូចជា វិស័យទេសចរណ៍ តំបន់ឆ្នេរ សមុទ្រ វិស័យវប្បធម៌ តំបន់ប្រាសាទ បុរាណ ជាពិសេសប្រាសាទអង្គរវត្ត វិស័យដឹកជញ្ជូន មានអាកាសយានដ្ឋាន កំពង់ផែ ផ្លូវថ្នល់ សំណង់អគារ។ល។ ដែលសហភាពអារ៉ាប់រួម អាចមកធ្វើការវិនិយោគ នៅកម្ពុជាបាន។
លោកបានបន្តថាៈ កម្ពុជា ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីជាមួយ ចិន និងកូរ៉េ ហើយក៏កំពុងបន្តចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយដៃគូសំខាន់ៗ ផ្សេងទៀត ដូចជា ជាមួយប្រទេសជប៉ុន ឥណ្ឌា ម៉ុងហ្គោលី កាណាដា អង់គ្លេស ដើម្បីធ្វើ ពិពិធកម្មទីផ្សារ និងជំរុញការនាំចេញ ស្របតាម គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ជាមួយគ្នានេះ លោក ក៏បានឯកភាព ជាមួយភាគីសហភាពអារ៉ាប់រួមចំពោះការ បង្កើត ក្រុមការងារមួយ ដើម្បីសិក្សា អំពីលទ្ធភាព ក្នុងការចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនេះ ផងដែរ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាៈ នៅកិច្ចបញ្ចប់ប្រជុំ ភាគីទាំងពីរបានឯកភាព គ្នាថា នឹងអញ្ជើញគណៈប្រតិភូ មកធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសរៀងៗខ្លួន ដើម្បីសិក្សាបន្ថែម អំពីឱកាសវិនិយោគរួមគ្នា លើវិស័យសក្តានុពលនានា និងជំរុញឲ្យមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ នាថ្ងៃអនាគត៕