កម្ពុជាបានស្ថាបនាបណ្តាញផ្លូវជាតិនិងផ្លូវជនបទដោយចាក់កៅស៊ូ និងបេតុងជាង១៥០០០គីឡូម៉ែត្រ

134
UI Promtion 2021

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតមកទល់បច្ចុប្បន្នមានបណ្តាញផ្លូវជាតិ និងផ្លូវជនបទបានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួចប្រមាណជាង១៥ ០០០គីឡូម៉ែត្រ ហើយបាននិងកំពុងលើកកម្រិតគុណភាពពីកៅស៊ូពីរស្រទាប់(DBST) ទៅបេតុងកៅស៊ូ(AC) និងពង្រីកពី២គន្លង ទៅ៤គន្លង នៅតាមខ្សែផ្លូវអាទិភាពមួយចំនួន។
ថ្លែងនៅក្នុងពិធីបើកកម្មវិធីសន្និបាតប្រចាំនៅព្រឹកថ្ងៃទី២៧ ខែមករា នេះ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានណែនាំឱ្យមន្ត្រីក្រោមឱវាទបន្តរឹតបន្តឹងគុណភាពផ្លូវឱ្យបានម៉ត់ចត់នៅក្នុងឆ្នាំ២០២២នេះ បណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានសមត្ថភាពអាចធ្វើការប្រកបដោយប្រសិទ្ធភាព បន្តសាងសង់ជួសជុល ថែទាំផ្លូវដោយផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ធ្វើការឱ្យមានប្រសិទ្ធភាព គុណភាព កុំធ្វើការងារដដែលៗ ធ្វើម្ដងធ្វើឱ្យបានចប់សព្វគ្រប់។

ជាមួយគ្នានេះដែរ ត្រូវខិតខំផ្ដល់សេវាសាធារណៈឱ្យបានល្អជូនបងប្អូនប្រជាពលរដ្ឋ តាមដានស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនទំនិញ លើសទម្ងន់កម្រិតកំណត់ និងទីតាំងកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ និងគ្រប់គ្រងការងារសាងសង់ផ្លូវស្ពានឱ្យមានគុណភាពដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។
គួរបញ្ជាក់ថា ក្រៅពីមានបណ្តាញផ្លូវជាតិនិងផ្លូវជនបទនេះ កម្ពុជាមានកំណើនរថយន្តនិងទោចក្រយានយន្តដែលចរាចរណ៍នៅតាមដងផ្លូវផងដែរ ដោយបច្ចុប្បន្នធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្ត មានការកើនឡើងប្រមាណពី ៦,៥ម៉ឺនគ្រឿង រហូតដល់៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្តវិញ កើនឡើងប្រមាណពី២០ម៉ឺនគ្រឿង រហូតដល់ ៥,២លានគ្រឿង៕