ក្រសួង​កសិកម្ម​បង្កើន​ការ​ត្រួត​ពិនិត្យ​សារធាតុ​ញៀន​ បន្ទាប់​ពី​សម្ដេចក្រឡាហោម ស ខេង ស្ដីបន្ទោស​ខ្លាំងៗ

240
UI Promtion 2021

ភ្នំពេញ៖ ក្រសួង​កសិកម្ម​ជំរុញ​ឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម​បង្កើន​ការ​ត្រួត​ពិនិត្យ​សារធាតុ​ញៀន​ដែល​មាន​សមាសភាព​ផ្សំ​ជី​គីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត ក្រោយ​រង​ការ​ស្ដីបន្ទោស​យ៉ាង​ខ្លាំង​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​យ៉ាង​ទទូច​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​ករណី​នាំ​ចូល​នេះ​ឲ្យ​បាន​ម៉ត់ចត់ ហើយ​បង្កើន​ការ​ដាក់​ទោស​ជា​អតិបរិមា​ដើម្បី​ឱ្យ​អ្នក​ប្រព្រឹត្ត​ខុស​រាងចាល។

ការ​ជំរុញ​ឱ្យ​បង្កើន​ការ​ត្រួត​ពិនិត្យ​សារធាតុ​ញៀន​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០២១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២២ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី២៦ មករា។ តាមរយៈ​កិច្ច​ប្រជុំ​នោះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ឯកឧត្ដម វ៉េង សាខុន បាន​ចាត់ទុក​កិច្ចការ​នេះ ជា​អាទិភាព​ដំបូង​គេ​សម្រាប់​អនុវត្ត​ផែនការ​បន្ត​ឆ្នាំ​២០២២។

កាល​ពី​ថ្ងៃ​ទី២៥ មករា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​រថយន្ត​ជូន​វរសេនាតូច​នគរបាល​ការពារ​ព្រំដែន​ប្រចាំ​ទិស​ភូមិ​ភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយ​បាន​បញ្ជា​ឱ្យ​ស្វែង​រក​អ្នក​ទទួលខុសត្រូវ ដែល​បាន​នាំចូល​សារធាតុ​ផ្សំ​គ្រឿងញៀន​ជាង ១០០តោន​​នា​ពេល​ថ្មីៗ​នេះ។ សម្ដេច​ក្រឡាហោម អះអាង​ថា សារធាតុ​ផ្សំ​គ្រឿង​ញៀន​យ៉ាង​ច្រើន​ដែល​បាន​នាំចូល​កម្ពុជា​នេះ គឺ​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់ និង​បើក​ចំហ​តែ​ម្ដង៖ «ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​១​ឆ្នាំ​នេះ សម្បើម​ណាស់ រក​ឃើញ​សារធាតុ​ញៀន​ដែល​គេ​ដឹក​ចូល​មក​ដោយ​ស្រប​ច្បាប់​ដោយ​មិន​លួចលាក់ រាប់​សិប​តោន (ជាង​១០០​តោន) តើ​គ្រឿង​ញៀន​ចូល​មក​តាម​ច្រក​ឧទាហរណ៍​ច្រក​ព្រំដែន​ឡាវ ថៃ វៀតណាម ចូល​មក​ដោយ​លួចលាក់ ជា​សារធាតុ​ញៀន​ដែល​គេ​បាន​ផ្សំ​ហើយ ដែល​យើង​ចាប់បាន​រាប់​រយ​គីឡូ ឬ​ដល់​ពាន់​គីឡូ។ ប៉ុន្តែ​សារធាតុ​ដែល​គេ​អាច​យក​ទៅ​ផ្សំ​គ្រឿងញៀន​បាន ចូល​មក​កម្ពុជា​ដោយ​ស្រប​ច្បាប់​មាន​រហូត​ដល់​រាប់រយ​តោន។ ថ្មីៗ​នេះ ៣​ថ្ងៃ​មុន​នេះ រក​ឃើញ​ជាង ១០០​តោន។ អ៊ីចឹង​សួរ​ថា អ្នក​ណា​ទទួល​ខុស​ត្រូវ​​ក្នុង​ការ​នាំ​​សារធាតុ​ញៀន​នឹង​មក​។ ខ្ញុំ​គិត​ថា ទៅ​រក​ឱ្យ​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​ ព្រោះ​នាំ​គ្នា​ស៊ីញ៉េ អនុញ្ញាត​ឱ្យ​​គេ​យក​ចូល​មក»។

ទោះ​យ៉ាងណា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ មិន​បញ្ចេញ​ឈ្មោះ​ចំ​ក្រសួង​ណាមួយ​ដែល​ទទួល​ខុស​ត្រូវ រហូត​​១​ថ្ងៃ​ក្រោយ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​ដាក់​គោលដៅ​អនុវត្ត​បង្កើន​ការ​ត្រួត​ពិនិត្យ​សារធាតុ​ញៀន​ដែល​មាន​សមាសភាព​ផ្សំ​ជី​គីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត ជា​អាទិភាព​ដំបូង​គេ​ក្នុង​ផែនការ​ឆ្នាំ​២០២២​របស់​ខ្លួន។

សម្ដេច​ក្រឡាហោម​បន្ត​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ត្រូវ​ពិនិត្យ​មើល​រឿង​នេះ ពុំ​ដូច្នេះ​ទេ​ត្រូវ​ជាប់​ជំពាក់​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គម​កម្ពុជា ទាក់ទង​នឹង​ការ​បំផ្លាញ​សុខភាព​សាធារណៈ។ លោក​ក៏​ជំរុញ​ទៅ​អាជ្ញាធរ​គ្រឿន​ញៀន​ត្រូវ​ពិនិត្យ​មើល​ករណី​នេះ​ឱ្យ​ច្បាស់​លាស់។

កាល​ពី​ថ្ងៃ​ទី២៣ មករា មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​បាន​ឃុបឃិត​ជាមួយ​ឧក្រិដ្ឋជន​ជា​ជនជាតិ​ចិន បាន​នាំ​ចូល​សារធាតុ​ញៀន​រាប់​សិប​តោន​ចូល​មក​ប្រទេស​កម្ពុជា។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា លោក យង់ គិមអេង ថ្លែង​ប្រាប់​សារព័ត៌មាន​ខ្មែរ​ណាស់​ដោយ​ស្នើ​យ៉ាង​ទទូច​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​ករណី​នាំ​ចូល​នេះ​ឲ្យ​បាន​ម៉ត់ចត់ ហើយ​បង្កើន​ការ​ដាក់​ទោស​ជា​អតិបរិមា​ដើម្បី​ឱ្យ​អ្នក​ប្រព្រឹត្ត​ខុស​រាងចាល៖ «បើ​រក​ឃើញ​ថា គាត់ (មន្ត្រី​រដ្ឋាភិបាល) ធ្វើ​ដោយ​មិន​យក​ចិត្ត​ទុកដាក់ និង​ធ្វេស​ប្រហែស ឬ​ដោយ​ការ​ទទួល​សំណូក​ណាមួយ​គឺ​គួរ​ត្រូវ​ដាក់​ទោសទណ្ឌ​ឱ្យ​បាន​ធ្ងន់ធ្ងរ។ ម្យ៉ាង​វិញ​ទៀត​ករណី​នេះ​ជា​មេរៀន​សម្រាប់​ករណី​ក្រោយ​ៗ​ទៀត ក្នុង​ការ​ដែល​រដ្ឋាភិបាល​គួរ​តែ​ចាត់​ឱ្យ​មាន​មន្ត្រី​ជំនាញ​ក្នុង​ស្ថាប័ន​មួយៗ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ហើយ​អាច​ធ្វើ​ការ​វិភាគ និង​កំណត់​ថា វា​ជា​គ្រឿងញៀន​ឬ​យ៉ាងណា​នោះ»។

កាលពី​ចុង​ឆ្នាំ​២០២១​ អាជ្ញាធរ​បាន​បង្ក្រាប​សិប្បកម្ម​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ​កន្លែង​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ និង​រឹបអូស​បាន​គ្រឿងញៀន​ប្រមាណ ៨០​តោន និង​ឃាត់​​ឧក្រិដ្ឋជន​ភាគ​ច្រើន​ជា​ជនជាតិ​ចិន​ជាង ១០​នាក់។ ពេល​បង្ក្រាប​​នោះ​បណ្ដាល​ឱ្យ​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់ ក្រោយ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ជាមួយ​សមត្ថកិច្ច។

៩​ខែ ឆ្នាំ​២០២១ អាជ្ញាធរ​​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ជិត ១​ម៉ឺន​នាក់ (៩.៨២៨) និង​គ្រឿងញៀន​សរុប ១.០៤៩​គីឡូក្រាម។ ក្នុង​នោះ ជនសង្ស័យ​​ ៦.០៤៤​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន ហើយ​ ៣.៧៨៤​នាក់ រួម​ទាំង​ជនបរទេស ២១៧​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន៕