បុរសម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួនក្នុងបន្ទ់ក្រោយមានការឈ្លោះប្រកែកជាមួយប្រពន្ធបាន៣ថ្ងៃ

321
UI Promtion 2021

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួនក្នុងបន្ទប់ ក្រោយពីកើតមានជម្លោះសម្តីជាមួយប្រពន្ធបាន៣ថ្ងៃកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បង្កឲ្យមានការភ្ញាក់ផ្អើល នៅបន្ទប់ជួលដំបូលខៀវ លេខG1-09 ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ស៊ុ សាន់ដេ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករលើកអីវ៉ាន់ តែផ្អាកមួយរយៈដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ មានកូនប្រុស១នាក់ ជាកូនប្រពន្ធដើម លែងលះគ្នាហើយ លុះមានប្រពន្ធឈ្មោះ ប៉ាង អេងលី អាយុ៣៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មិនទាន់មានកូន ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិខ្ចៅទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
តាមការបំភ្លឺពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ កន្លងមកជួបគ្រោះថ្នាក់ចរាចរណ៍ បាក់ដៃស្តាំ ហើយបានសម្រាកពីការងារ ជាកម្មករលើកអីវ៉ាន់ អស់រយៈពេលជាង៣ខែមកហើយ ហើយការរស់នៅក្នុងសង្គមគ្រួសារ ពីរនាក់ប្រពន្ធ តែងតែទាស់ពាក្យសម្តីគ្នា តែមិនដល់ថ្នាក់ប្រើហិង្សា ឬកម្លាំងបាយនោះទេ ។
ប្រភពបន្តទៀតថា កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះឈ្លោះប្រកែកពាក្យសម្តីជាមួយប្រពន្ធមួយប្រ៉ាវ លុះប្រពន្ធទៅធ្វើការបាត់ ជនរងគ្រោះជាប្តី បានដៃ បោកខ្ទេច ចាន ឆ្នាំង សូម្បីតែវែកឆាក៏កាច់ចោលដែរ លុះយប់ឡើង ប្រពន្ធចេញពីធ្វើការងារវិញ ខ្ពើមមុខគ្នារៀងខ្លួន សុខចិត្តដេកបែរខ្នងដាក់គ្នា លុះដល់ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះក៏បានធ្វើដំណើរទៅស្រុកឯខេត្តកំពង់ចាម រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែមករានេះទើបវិលមកវិញ តែស្ត្រីជាប្រពន្ធបានទៅធ្វើការបាត់ហើយ នៅតែជនរងគ្រោះសង្ងំក្នុងបន្ទប់ម្នាក់ឯង បិទទ្វារខ្ទាស់គន្លឹះខាងក្នុងជាប់ រហូតដល់វេលាម៉ោង៦និង៣០នាទីយប់ ប្រពន្ធវិលវិញ ចូលបន្ទប់មិនបាន ទ្វារបិទជិត ឲ្យម្តាយក្មេកហៅ តែមិនឆ្លើយ ចុចទាំងទូរស័ព្ទទៀត ក៏មិនលើក ក៏មានអ្នកជិតខាងជួយលើកជណ្តើរដាក់ឡើងមើលតាមជញ្ជាំង ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួនទៅវិញ ទើបបង្កឲ្យភ្ញាក់ផ្អើល កំហុសឆ្គងអ្វីៗគ្រប់យ៉ាងរបស់អ្នកទាំង២ ហួសពេលទៅហើយ នឹកស្តាយក្រោយ ប្រពន្ធស្រែកទ្រហោរយំរហូតដល់សន្លប់មុខបន្ទប់ ។
ក្រោយពីដឹងថា ជនរងគ្រោះសម្លាប់ខ្លួនដោយចងកក្នុងបន្ទប់ រាយការណ៍ទៅសមត្ថកិច្ច ដើម្បីពិនិត្យ កោសល្យវិច័យ រួចដឹកសពទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕