រាជរដ្ឋាភិបាលកម្ពុជា សិក្ខាសាលា លើកទី ១៤ ពង្រីកវិសាលភាព លើវិស័យទឹកស្អាត ដើម្បីការផ្គត់ផ្គង់ទឹកស្អាត នៅទីក្រុង ទីប្រជុំជនឱ្យបាន ៩០% នៅឆ្នាំ ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥ ផ្អែកលើ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

256
UI Promtion 2021

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា-ជប៉ុន និងជាពិសេស លើវិស័យទឹកស្អាត ប្រជាជនកម្ពុជា តែងនឹកគុណដល់ប្រទេសជប៉ុន ដែល បានដើរតួយ៉ាងសំខាន់លើវិស័យទឹកស្អាតនៅកម្ពុជា ដូចសុភាសិតខ្មែរដែលថា បានផ្លែឈើហូប ត្រូវនឹកឃើញដល់អ្នកដាំដើមឈើ។
ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន លើកទី ១៤ ឆ្នាំ ២០២២ នៅថ្ងៃទី២៨ខែមករាឆ្នាំ២០២២នេះនៅទីស្តីការក្រសួង។
សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុនលើកទី ១៤ ឆ្នាំ ២០២២ ដែលស្ថិត ក្រោមការឧបត្ថម្ភរបស់អង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ-សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសក្រុង គីតាគ្យូស៊ុ(KOWBA) ប្រទេសជប៉ុន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍កម្ពុជា ។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី បានសម្ដែងគាំទ្រនិងវាយតម្លៃខ្ពស់ ចំពោះការរៀបចំឱ្យមានសិក្ខាសាលានេះឡើងជារៀងរាល់ឆ្នាំ ដែលមកដល់ពេលនេះ ជាសិក្ខាសាលា លើកទី ១៤ ហើយ បើទោះជានៅមានវិបត្តិកូវីដ ១៩ក៏ដោយ ។ នេះបានបង្ហាញនូវទំនាក់ទំនងដ៏ល្អរវាងកម្ពជា-ជប៉ុន និង ជាពិសេស លើវិស័យ ទឹកស្អាត ប្រជាជនកម្ពុជា តែងនឹកគុណដល់ប្រទេសជប៉ុន ដែលបានដើរតួយ៉ាងសំខាន់លើវិស័យទឹកស្អាតនៅកម្ពុជា ដូចសុភាសិតខ្មែរដែលថា បានផ្លែឈើ ហូប ត្រូវនឹកឃើញដល់អ្នកដាំដើមឈើ។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានថ្លែងថា វិស័យឯកជន របស់ជប៉ុន ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមសិក្ខាសាលា នេះទាំងការចូលរួមដោយផ្ទាល់ និង តាមប្រព័ន្ធអនឡាញហើយបានចូលរួមធ្វើជាវាគ្មិនផងដែរ។ការសហការគាំទ្ររបស់ភាគីជប៉ុនដល់វិស័យទឹកស្អាតនៅកម្ពុជានិង ទំនាក់ទំនងរវាងការផ្គត់ផ្គង់ទឹកស្អាត សុខភាព សាធារណៈ និងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះ វាគ្មិននៃប្រទេសជប៉ុនដែលនឹងចូលរួម ធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យានានា ដល់អង្គសិក្ខាសាលា អំពីការងារដែលពាក់ព័ន្ធ នឹងការគ្រប់គ្រងការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹក ស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន ៩០% នៅឆ្នាំ ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥ ដោយឈរលើ លក្ខខណ្ឌបួនយ៉ាងគឺ ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ»។ ដើម្បីឆ្លើយតបទៅនឹង គោលនយោបាយនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងខិតខំ ប្រឹងប្រែងក្នុងការជំរុញការអភិវឌ្ឍន៍វិស័យទឹកស្អាត តាមរយៈ ការកសាងឯកសារបទដ្ឋានគតិយុត្តិ,ការវិនិយោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត, ការពង្រឹងស្ថាប័នរបស់អង្គភាពរដ្ឋាករទឹកសាធារណៈ រួមមាន៖ ការចុះពិនិត្យវឌ្ឍនភាព និងការជំរុញអង្គភាពរដ្ឋាករទឹកសាធារណៈឱ្យទៅជាអង្គភាពស្វយ័ត, ការលើកទឹកចិត្ត និងពន្លឿនការ ចេញប្រកាសអនុញ្ញាតជូនប្រតិបត្តិការទឹកស្អាតឯកជន ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាត, សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះដែរ ក៏មានពិធីចុះហត្ថលេខាលើរបាយការណ៍សកម្មភាពនិង សមិទ្ធផលការងាររយ:ពេល២ឆ្នាំ ក្រោមអនុស្សារណ: យោគយល់គ្នា រវាងឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយលោក ARITA Hitoshi អនុប្រធាន សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសក្រុង គីតាគ្យូស៊ុ(KOWBA) ពីប្រទេសកម្ពុជា និងជាមួយ លោកKANEO Akitoshi អគ្គនាយកអង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ ពីប្រទេសជប៉ុន៕