មហាមិត្តភាពដែកថែបចិនប្រកាសផ្តល់វ៉ាក់សាំងដូសជំរុញជំនួយឥតសំណងតាមតម្រូវការរបស់កម្ពុជា

235
UI Promtion 2021

(ភ្នំពេញ)៖ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសថា ខ្លួននឹងផ្តល់ជំនួយឥតសំណង តាមតម្រូវការរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ។
នេះជាការថ្លែងរបស់លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្នុងពិធីប្រគល់និងទទួល ឱសថព្យាបាលជំងឺកូវីដ១៩ ចំនួន ២៣១កេស ទម្ងន់ ១១២៥គីឡូក្រាម ដែលរដ្ឋាភិបាលចិន ប្រគល់ជូនឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ ឱសថទាំងនេះ ត្រូវបានឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បន្តប្រគល់ជូន លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីចាត់ចែងព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ជាពិសេសក្នុងពេលដែលមានមេរោគបន្លែងថ្មីអូមីក្រុងនេះ។
ក្នុងពិធីដដែល លោក Wang Wentian បានឲ្យដឹងថា ដំណឹងនេះលោកក៏បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចហើយ។ ជាមួយគ្នានេះ លោកថ្លែងទៀតថា ប្រទេសចិនក៏កំពុងតែជំរុញការកសាងរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
លោក Wang Wentian បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចិននិយាយបែបណា គឺធ្វើបែបនោះ។ ប៉ុន្មានថ្ងៃមុន ខ្ញុំបានរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ការចាក់វ៉ាក់សាំងដូសជំរុញ ភាគីចិននឹងផ្តល់ជំនួយឥតសំណងតាមតម្រូវការ របស់ប្រទេសកម្ពុជា។ ប្រទេសចិន កំពុងតែជំរុញការកសាងរោងចក្រ ផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាផងដែរ»។
បើតាមលោក Wang Wentian, ក្នុងឆន្ទៈចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយកម្ពុជា ក្នុងនាមជាមិត្តដែកថែប ប៉ុន្មានថ្ងៃមុន លោកក៏បានពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្តីពីការបញ្ជូនក្រុមវេជ្ជសាស្ត្របុរាណចិនមកកាន់ប្រទេសកម្ពុជាផងដែរ ដើម្បីជួយពង្រឹងសមត្ថភាពការងារទប់ស្កាត់ជំងឺកូវីដ-១៩ ដោយការរួមបញ្ចូលវេជ្ជសាស្ត្របុរាណចិនក្នុងការព្យាបាល។
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងរំលឹកថា ទោះបីជាមានការរាតត្បាតជំងឺកូវីដ១៩ ដោយមានការណែនាំពី សម្តេចតេជោ ហ៊ុន សែន ដែលមានក្រសួងសុខាភិបាលជាសេនាធិការ កម្ពុជាបានទប់ស្កាត់ការរាតត្បាតនូវជំងឺកូវីដ១៩ ព្រមទាំងការចាក់វ៉ាក់សាំងការពារជំងឺនេះ បានចំនួន ៨៩,៦៦ភាគរយ (គិតត្រឹមពេលនេះ)។ លោកបានរំលឹកដែរថា ជោគជ័យនៃការទប់ស្កាត់កូវីដ១៩ នៅកម្ពុជាក៏មានការរួមចំណែករបស់ចិន នូវវ៉ាក់សាំងជាច្រើនលានដូសមកកម្ពុជា ព្រមទាំងបរិក្ខារទំនើបៗជាច្រើនទៀត។
«នេះក៏ព្រោះតែភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលមានផែនការ ៥ឆ្នាំ សម្រាប់កសាងសហគមន៍វាសនារួមតែមួយ»។ នេះបើតាមការថ្លែងពីលោក ហោ ណាំហុង។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្តល់ឱសថព្យាបាលកូវីដ១៩ ជាង១តោន ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន មុនបញ្ចប់ លោកបានកោតសរសើរដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យទាំងអស់ ដែលបានចូលរួមចំណែកព្យាបាលកូវីដ១៩ បានជោគជ័យពេញលេញ។
សូមជម្រាបថា មកដល់ពេលបច្ចុប្បន្ន កម្ពុជារកបានវ៉ាក់សាំងជំងឺកូវីដ១៩ សរុបជាង ៤៣លានដូស ទាំងការបញ្ជាទិញ និងជំនួយឥតសំណង។ ក្រៅតែពីការបញ្ជាទិញ មានប្រទេសជាច្រើនបានផ្តល់ជំនួយមកកម្ពុជា ទាំងតាមយន្តការទ្វេភាគី និងតាមយន្តការកូវ៉ាក់ផងដែរ ខណៈដែលប្រទេសចិន បាននាំមុខគេក្នុងការផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជា ក្នុងចំណោមប្រទេសនានាដូចជាជប៉ុន, អាមេរិក, អង់គ្លេស, អូស្ត្រាលី, ប៉ូឡូញ និងហូឡង់ជាដើម៕