ម៉ូតូ២គ្រឿងបុកគ្នាទាំងព្រឹកបណ្កាលឲ្យបុរសម្នាក់ស្លាប់នៅផ្លូវលេខ២៧៤( ផ្លូវព្រះសីហនុ)

234
UI Promtion 2021

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនឹងម៉ូតូ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ រីឯអ្នកបង្កហេតុរបួសស្រាលបានគេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភ្លើងស្តុបវិទ្យាល័យព្រះយុគន្ធរ ផ្លូវលេខ២៧៤ (ផ្លូវព្រះសីហនុ ) កែងនឹងផ្លូវ១០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ក្នុងហេតុការណ៍នោះគឺ បុរសវ័យចំណាស់ម្នាក់ជាអ្នកដឹកនំបុ័ងជាប្រចាំថ្ងៃបានរងរបួសស្រាលផ្នែកជើងបន្តិចបន្តួច បានគេចខ្លួនបាត់ស្រមោល គាត់ជិះម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1J-8827 បើកបរពីលិចទៅកើតតាមបណ្តោយផ្លូវលេខ១០៥ មកដល់ភ្លើងស្តុបព្រះយុគន្ធរក៏បានបុកជាមួយម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FV-7332 ដែលបើកបរពីជើងទៅត្បូងតាមបណ្តោយផ្លូវលេខ២៧៤ (ព្រះសីហនុ) បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
បច្ចុប្បន្ននេះ ម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅរក្សាទុកដើម្បីស្រាវជ្រាវនិងដោះស្រាយនាពេលក្រោយ។ ដោយឡែកសពជនរងគ្រោះរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕