ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងសិក្សាជីកផ្លូវទឹកថ្មីចំងាយ៥គីឡូម៉ែត្រតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹក ពីទន្លេបាសាក់ ទៅកាន់សមុទ្រខេត្តកែប

353
UI Promtion 2021

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឱ្យដឹងថា ក្រសួងបាននិងកំពុងសិក្សាតភ្ជាប់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីរាជធានីភ្នំពេញ ឆ្ពោះទៅសមុទ្រខេត្តកែប។ ការតភ្ជាប់នេះ ដើម្បីសម្រួលការដឹកជញ្ជូនទំនិញចេញទៅក្រៅប្រទេសតាមសមុទ្រ ដោយមិនបាច់ឆ្លងកាត់ប្រទេសវៀតណាម។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មីនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហើបថា គម្រោងតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីកំពង់ផែនស្វយ័តភ្នំពេញ ទៅកាន់សមុទ្រក្នុងខេត្តកែប បានសិក្សារួចហើយ ហើយលោកក៏បានជម្រាបទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារួចហើយផងដែរ។
បន្ថែមពីលើនោះក៏មានការពិភាក្សាទិដ្ឋភាពផ្លូវច្បាប់នានាជាមួយក្រសួងធនធានទឹកពាក់ព័ន្ធច្បាប់ទន្លេមេគង្គ ហើយក៏មិនមានបញ្ហាអ្វីនោះដែរ។
លោកទេសដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដូច្នេះ «យើងចង់មានការរីកចម្រើនដឹកជញ្ជូនតាមផ្លូវទឹក ហើយខេត្តមួយចំនួនដូចជាខេត្តតាកែវជាដើម នឹងទទួលបានផលល្អពីការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ ទៅសមុទ្រត្រង់តែម្តង»។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែម នៅថ្ងៃទី២៩ ខែមករា ថា ការដឹកជញ្ជូនទំនិញចេញ-ចូលប្រទេស កម្ពុជា តាមផ្លូវទឹកពីសមុទ្រចូលមកកំពុងផែស្វយ័តភ្នំពេញនាពេលបច្ចុប្បន្ន គឺត្រូវឆ្លងកាត់ប្រទេសវៀតណាម ច្រកក្អមសំណរដែលទាមទារឱ្យមានការបំពេញនីតិវិធីនានាហើយជាឧបសគ្គមួយសម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការតភ្ជាប់បណ្តាញទឹកជញ្ជូនផ្លូវទឹកពីទន្លេបាសាក់ ទៅកាន់សមុទ្រខេត្តកែប នឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចច្រើនសម្រាប់កម្ពុជា។ ជាពិសេសការតភ្ជាប់បណ្តាញទឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅកាន់ទីផ្សារអន្តរជាតិ។
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ការតភ្ជាប់នេះ គឺប្រើផ្លូវទឹកធម្មជាតិដែលមានស្រាប់ ហើយមានការជីកផ្លូវទឹកថ្មីភ្ជាប់ទៅសមុទ្រចម្ងាយប្រមាណជា ៥គីឡូម៉ែត្រ។
បើទោះបីជាយ៉ាងណា ការតភ្ជាប់នេះស្ថិតនៅក្នុងការសិក្សានៅឡើយ។ តែសម្រាប់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់ឃើញបណ្តាញផ្លូវទឹកនេះលេចចេញជារូបរាង ព្រោះវាផ្តល់ផលចំណេញច្រើនសម្រាប់ការដឹកជញ្ជូនរបស់កម្ពុជា៕