សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សំខាន់ៗ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំង៣០ម៉ឺនដូស ជាជំនួយរដ្ឋាភិបាលប៉ូឡូញ នៅវិមានសន្តិភាព

109
UI Promtion 2021

(ភ្នំពេញ)៖ វ៉ាក់បង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅម៉ោង០០៖០៨នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។
ពិធីប្រគល់ និងទទួលវ៉ាក់សាំងនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅវិមានសន្តិភាព។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ថ្លែងនៅក្នុងឱកាសទទួលវ៉ាក់សាំង៖
* ខ្ញុំពិតជាមានសេចក្តីសោមនស្ស ក្រៃលែង ដោយបានចូលរួមជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីទទួលយកវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៣០០ ០០០ (បីសែន) ដូស ដែលជាជំនួយដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៉ូឡូញ។
* កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជា អាទិភាពយុទ្ធសាស្ត្រ និងវាយតម្លៃខ្ពស់ចំពោះការជួយចែករំលែក វ៉ាក់សាំងគ្នាទៅវិញទៅមក និងជាហូរហែ ក្នុងគោលដៅពន្លឿន ការចាក់វ៉ាក់សាំងនៅទូទាំងសកលលោក។
* ក្នុងស្មារតីនេះ ខ្ញុំតែងតែចំណាយពេលចូលរួមទទួលជំនួយវ៉ាក់សាំងកូវីដ-១៩ ដោយផ្ទាល់ ដើម្បីសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះសន្តានចិត្តមនុស្សធម៌របស់ប្រទេសជាមិត្ត។
* នាឱកាសនេះ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអរគុណចំពោះអំណោយវ៉ាក់សាំង ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ និងទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៉ូឡូញ ក្នុងការ ប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជា នៅលើសកលលោកទាំងមូល ។
* ជាការពិត ការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩ និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មីប្រកបដោយសុវត្ថិភាព។
* ជាឧទារហណ៍ ជាក់ស្តែងជាមួយនឹងអត្រានៃការចាក់វ៉ាក់សាំងប្រមាណ ៩០ភាគរយនៃប្រជាជនសរុបប្រមាណ ១៦លាននាក់ គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាល កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាព ឱ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាព សង្គម-សេដ្ឋកិច្ច ។
* ជាលទ្ធផល ទោះបីជាកម្ពុជាបានជួបប្រទះនូវ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដែលទើបត្រូវបានបិទ បញ្ចប់កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ ថ្មីៗនេះ ភាពជោគជ័យនៃ យុទ្ធនាការជាតិចាក់វ៉ាក់សាំង បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងលើសការរំពឹងទុក។
* ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជាត្រូវ បានប៉ាន់ស្មានថានឹងកើនរហូតដល់ ៣% ក្នុងឆ្នាំ២០២១ និងត្រូវបានព្យាករណ៍ថាបន្តកើនឡើងជាង ៥% នៅក្នុងឆ្នាំ២០២២ តាមរយៈការបើកប្រទេសពេញលេញ និងការត្រលប់ទៅរកការ ដំណើរការជាប្រក្រតីឡើងវិញ នៃសកម្មភាពសង្គម-សេដ្ឋកិច្ច នៅក្នុងគ្រប់វិស័យ ។
* ទោះជាយ៉ាងណាក៏ដោយ កម្ពុជាក៏ដូចជាសកលលោកទាំងមូល បាននិងកំពុងទទួលរងនូវការឆ្លងរាលដាលនៃមេរោគ បំប្លែងខ្លួនថ្មី ជាពិសេស ប្រភេទអូមីក្រុង (Omicron) ដែលទាមទារ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនមានការភិតភ័យ និងស្លន់ស្លោ។
* ក្នុងបរិការណ៍នេះ ការចាក់ វ៉ាក់សាំង នឹងនៅបន្តជាវិធានការគន្លឹះ ហើយជំនួយវ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៉ូឡូញនាពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ ប្រជាជនកម្ពុជាក្នុងក្របខណ្ឌទូទាំងប្រទេស ។
* ខ្ញុំសូមរំលឹកថា កម្ពុជា និងសាធារណរដ្ឋប៉ូឡូញគឺជាមិត្តចាស់ ដែលមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦៧។ ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ កម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានរក្សាទំនងទំនងល្អ ទាំងផ្នែកការទូត អប់រំ សង្គម-សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ។
* ឆ្លៀតក្នុងឱកាសនេះ កម្ពុជាសូមសម្តែងនូវអំណរគុណ ដល់សាធារណរដ្ឋប៉ូឡូញ ដែលតែងតែផ្ដល់ជំនួយ និងការគាំទ ដល់កម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូល ទាំងក្នុងក្របខណ្ឌ ទ្វេរភាគី និងពហុភាគី ។
* ក្នុងនាមជា ប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ ចំណងមិត្តភាព និងសាមគ្គីភាពរវាង កម្ពុជា-ប៉ូឡូញ និង អាស៊ាន-ប៉ូឡូញ ព្រមទាំងរវាង កម្ពុជា-សហភាព អឺរ៉ុប និង អាស៊ាន-សហភាពអឺរ៉ុប ឱ្យកាន់តែមានភាពរឹងមាំ និង ស្អិតមួតថែមទៀត ។
* កម្ពុជាក៏សូមលើកទឹកចិត្តឱ្យសាធារណរដ្ឋ ប៉ូឡូញ និងសហភាពអឺរ៉ុប បន្តផ្តល់ការគាំទ្រដល់កម្ពុជា និងអាស៊ាន និងលើកទឹកចិត្តឱ្យធុរជន-វិនិយោគិនប៉ូឡូញ ក៏ដូចជា សហភាព អឺរ៉ុប បង្កើនការធ្វើធុរកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេស លើវិស័យកសិ-ឧស្សាហកម្ម អប់រំ និងទេសចរណ៍នៅកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល ។