ជនខិលខូចម្នាក់លួចក្រវិលកំប៉ុងត្រូវបានកម្លាំងប្រជាការពារមេភូមិ ប្រជាពលរដ្ឋចាប់ឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច

156
UI Promtion 2021

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប្រជាការពារ មេភូមិ ប្រជាពលរដ្ឋ ចាប់ឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច ចំណែកបក្សពួក៤នាក់ទៀតរត់គេចខ្លួនបាត់ ក្រោយពីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ក្រវិលកំប៉ុងភេសជ្ជៈត្រូវរង្វាន់ កាតទូរស័ព្ទពីកន្លែងអ្នកលក់ដូរ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅផ្លូវបេតុង កែងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យចាប់បានម្នាក់មានឈ្មោះ សំ បូរ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ចំណែកជនរងគ្រោះឈ្មោះ ឈុន លី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់ដូរភេសជ្ជៈ នៅកន្លែងកើតហេតុ រីឯសម្ភារៈដែលជនសង្ស័យលួចបាន មានដូចជា ក្រវិលកំប៉ុងត្រូវរង្វាន់ និងកាតទូរស័ព្ទ ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា គាត់រាល់ថ្ងៃ២នាក់ប្តីប្រពន្ធ ប្រកបរបរលក់ដូរភេសជ្ជៈតាមចិញ្ចើមផ្លូវទាំងយប់ទាំងថ្ងៃ ហើយកន្លងមកធ្លាប់មានជនឆ្លៀតឱកាសបន្លំលួចអីវ៉ាន់ ស្រាប់តែនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ គាត់ទាំង២នាក់ប្តីប្រពន្ធ បានលង់លក់ក្នុងដំណេកមួយភាំង ក៏ស្រាប់តែមានជនសង្ស័យលបចូលទៅលួចច្បាមយកសម្ភារៈក្នុងកេសដាក់លុយ តែសំណាងល្អ លុយបានយកចេញដាក់ក្នុងកាបូបអស់ គឺមានតែក្រវិលកំប៉ុងត្រូវរង្វាន់ និងកាតទូរស័ព្ទតែម្តង ។
ប្រភពដដែលបន្តថា ភ្លាមៗនោះគាត់បានដឹងខ្លួន ក៏ឃើញជនសង្ស័យដើរគេចចេញទៅហើយ ហើយគាត់ហៅឲ្យឈប់ក្នុងបំណងសាកសួរ តែជនសង្ស័យបែរជានាំគ្នារត់គេចខ្លួន ទើបរត់ទៅប្តឹងមេភូមិនៅក្បែរនោះឲ្យជួយនាំគ្នាតាមស្វែងរក ក៏ប្រទះឃើញបក្ខពួកជនសង្ស័យម្នាក់ ហើយក៏ឃាត់ខ្លួនធ្វើការត្រួតពិនិត្យ ស្រាប់តែឃើញសម្ភារៈទាំងនោះ ក៏នាំយកទៅប្រគល់ឲ្យប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីសាកសួរតែម្តង ។
តាមចម្លើយសារភាព ជនសង្ស័យឈ្មោះ សំបូរ បានសារភាពឲ្យដឹងថា រូបគេមិនមែនអ្នកលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះនោះទេ គឺឈ្មោះ ញ៉ាញ់ វិញទេដែលជាអ្នកលួច ពេលដែលឈ្មោះញ៉ាញ់ លួចបានហើយ ទើបយកមកឲ្យខ្លួនជាអ្នកទុក គ្រាន់ដូររង្វាន់ ។
ក្រោយពីឃាត់ខ្លួនបានបក្ខពួកជនសង្ស័យលួចម្នាក់ សមត្ថកិច្ចក៏បានឃាត់ខ្លួនរួចនាំយកទៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីបន្តសាកសួរតាមនីតិវិធី ៕