ប.ស.ស. ត្រួតពិនិត្យ និងធ្វើវិសោធនកិច្ចលើសេចក្ដីព្រាងប្រកាសចំនួន២

252
UI Promtion 2021

(ភ្នំពេញ)៖ឯកឧត្តមអ៊ុកសមវិទ្យាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃអង្គារ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២២ឯកឧត្តមបានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងប្រកាសចំនួន២ គឺសេចក្តីព្រាងប្រកាសស្ដីពីបែបបទនិងនីតិវិធីនៃការផ្ដល់វិភាជន៍(ចំណែក)បូជាសពនៃរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន(ការជម្រះប្រាក់)សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ និងសេចក្តីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងការបង់ភាគទាន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្ដីពីការងារ បន្ទាប់ពីក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. បានប្រជុំរួចនាពេលថ្មីៗនេះ។
ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងឡើងថា៖ នេះជាការយកចិត្តទុកដាក់មួយចំណែកបន្ថែមទៀត នៃរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ដែល ប.ស.ស. បានរៀបចំសេចក្ដីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់វិភាជន៍បូជាសពនៃរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះឡើង ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធិផលនៃការអនុវត្តរបបសន្ដិសុខសង្គម ព្រមទាំងជួយសម្រាលនូវទុក្ខលំបាករបស់សិទ្ធិវន្ដនៃវិភាជន៍បូជាសព នៃសោធនិកជរាភាព ឬសោធនិកទុព្វលភាព ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ប.ស.ស. ក៏បានស្នើដល់សមាជិកនៃអង្គប្រជុំទាំងអស់ ត្រូវពិភាក្សារាល់បញ្ហាប្រឈមផ្សេងៗ ឲ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីឲ្យប្រកាសទាំងពីរនេះ កាន់តែមានលក្ខណៈល្អប្រសើរ និងត្រឹមត្រូវស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាពខ្ពស់ ប្រកបដោយចីរភាព។
បន្ទាប់ពីបានប្រជុំពិភាក្សាពេញមួយព្រឹក ឯកឧត្តមអគ្គនាយក ប.ស.ស. បានសម្រេចអនុម័តទាំងស្រុងទៅលើសេចក្តីព្រាងប្រកាសទាំងពីរខាងលើ និងរៀបចំដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យសម្រេចបន្ត។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹក ថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំធំ ទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ប្រធាន សមាជិក សមាជិកា នៃក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. ព្រមទាំងលោក លោកស្រី ប្រធាននាយកដ្ឋាន សរុបប្រមាណជាង ២០រូប ៕