អ្នកនាំពាក្យក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋ អនុវត្តវិធានការសុខាភិបាល ក្នុងពេលចូលឆ្នាំចិន និងចូលរួមចាក់វ៉ាក់សាំងដូសជំរុញ ឱ្យបានគ្រប់គ្នា

257
UI Promtion 2021

ភ្នំពេញ៖ លោកស្រី ឱ វណ្ឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» និងវិធានការសុខាភិបាលផ្សេងៗទៀត ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងបន្តចូលរួមចាក់វ៉ាក់សាំងដូសជំរុញ ចំពោះអ្នកដែលដល់វេនត្រូវចាក់ដូសទី៣ និងដូសទី៤។
ការអំពាវនាវយ៉ាងដូច្នេះ ក៏ដោយសារលោកស្រី ឱ វណ្ឌីន សង្កេតឃើញថា មានប្រជាជនខ្លះហាក់ធ្វេសប្រហែស មិនសូវប្រុងប្រយ័ត្នចំពោះ ការការពារខ្លួនពីជំងឺកូវីដ១៩ នាដំណាក់កាលដែលកម្ពុជា កំពុងបើកដំណើរសេដ្ឋកិច្ចឡើងវិញ ដែលនេះអាចនឹងនាំមកនូវហានិភ័យចំពោះពួកគេ និងសហគមន៍។ លោកស្រី បានលើកឡើងថា «ការជួបជុំបច្ចុប្បន្ន កន្លែងខ្លះក៏មានការអនុវត្តបានល្អ ប៉ុន្តែកន្លែងខ្លះទៀតមិនទាន់ អនុវត្តបានល្អប្រសើរនៅឡើយទេ។ តាមរយៈរបាយការណ៍ របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយរៀងរាល់ថ្ងៃនោះ បានបង្ហាញឱ្យឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីអូមីក្រុង នៅតែមានករណីឆ្លងរាល់ថ្ងៃ»។
លោកស្រីរដ្ឋលេខាធិការ បានដាស់តឿនសាជាថ្មីទៀតថា ដើម្បីរស់នៅតាមគន្លង ប្រក្រតីភាពថ្មីក្នុងបរិបទជំងឺកូវីដ បានយូរអង្វែងតទៅ ប្រជាជនទាំងអស់គ្នា ត្រូវខិតខំចូលរួមអនុវត្តតាមវិធានការ «៣ការពារ និង៣កុំ» និងវិធានការសុខាភិបាល ផ្សេងទៀត ពិសេសក្នុងបុណ្យចូលឆ្នាំចិននេះ ឬពិធីអាពាហ៍ពិពាហ៍ និងពិធីកម្មផ្សេងៗ។
ចំណុចមួយទៀត ដែលលោកស្រី ឱ វណ្ឌីន បានស្នើយ៉ាងទទូចដែរនោះ គឺអំពាវនាវឱ្យប្រជាជន ដែលបានចាក់វ៉ាក់សាំងដូសទី២ហើយ គឺសូមទៅចាក់ដូសទី៣ នៅតាមទីតាំងនានា មានមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យជាតិ ទៅតាមពេលកំណត់ឲ្យបានគ្រប់គ្នា ពីព្រោះការចាក់វ៉ាក់សាំងនេះ គឺជួយបង្កើនអង់ទីគ័រ បង្កើនភាពស៊ាំ ដែលប្រៀបដូចជាកងការពារក្នុងរាងកាយ ក្នុងការប្រឆាំងជាមួយ មេរោគកូវីដ១៩ ដើម្បីឱ្យសហគមន៍រួចផុតពីការចម្លងជំងឺកូវីដ១៩ កាត់បន្ថយអត្រាអ្នកឆ្លង និងអត្រាអ្នកស្លាប់ផងដែរ។
ចំពោះអ្នកដល់វេនចាក់ដូសទី៤ នៅរាជធានីភ្នំពេញ ក៏ត្រូវទៅចាក់នៅតាមទីតាំង និងពេលវេលាដែលរដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងជាបណ្ដើរៗនោះ ដើម្បីការពាររាងកាយ ពីមេរោគបំប្លែងថ្មីអូមីក្រុង។
គួរជម្រាបថា នាឱកាសឈប់សម្រាក និងដើរកម្សាន្តសម្រាប់ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់ប្រជាជន សូមមានការប្រុងប្រយ័ត្ន ចំពោះអូមីក្រុង (Omicron) ដែលជាប្រភេទជំងឺកូវីដ១៩បំប្លែងថ្មី ខណៈនៅក្នុងសហគមន៍កំពុង បន្តរាលដាលមិនទាន់ ថយចុះនៅឡើយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវ ឱ្យប្រជាជនបន្តអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន គួបផ្សំជាមួយនឹងការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ដូសទៅតាម ពេលកំណត់ ទើបអាចធានា បាននូវការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩នេះ៕