ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់គណៈ ប្រតិភូកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)

277
UI Promtion 2021

ភ្នំពេញ ៖ ថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)ប្រចាំនៅកម្ពុជា ដឹកនាំដោយលោកស្រីនាយិកា Alissar Chaker ដោយមានការចូលរួមពីថ្នាក់ ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើមនៃជំនួបលោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ(UNDP)ប្រចាំនៅកម្ពុជាដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការទៅលើបណ្តា គម្រោងនានាដែលបានអនុវត្តកន្លងមកក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងគោលនយោបាយដឹកជញ្ជូន ប្រកបដោយចីរភាពសំដៅកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹង ទំនាក់ទំនង និងកិច្ចសហការល្អបន្ថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរអំពីការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូន ផ្លូវគោកដែលមានការគិតគូអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការប្រើប្រាស់រថយន្តដើរ ដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយា កាស គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយកម្មវិធីអភិវឌ្ឍន៍សហ ប្រជាជាតិ(UNDP)ដើម្បីដំឡើងស្ថានីយសាកថ្មរថយន្តដើរដោយថាមពលអគ្គិសនី (EVs) គម្រោង សហការជាមួយអគ្គនាយកដ្ឋានគយនិងពន្ធដារដើម្បីរៀបចំជាផែនការសម្រាប់ការនាំចូលរថយន្តចាស់ៗ ដែលមានអាយុ១០ឆ្នាំ និងគម្រោងជួបពិភាក្សាជាមួយនឹងស្ថានីយ៍ប្រេងឥន្ធនៈទាក់ទងនឹងការដំឡើងស្ថានីយ៍សាកថ្មរថយន្ត EVs ដែលក្នុងនោះរួមមាន៖ ស្ថានីយសាំងតូតាល់ កាល់តិច សូគីមិច និងតេលាជាដើម។
ជាមួយគ្នានោះផងដែរ គណៈប្រតិភូ បានលើកឡើងអំពីនិន្នាការពិភពលោកឆ្ពោះទៅរកការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបម្រែបម្រួល អាកាសធាតុ គម្រោងកំពុងអនុវត្តទាក់ទងនឹងការដឹកជញ្ជូនប្រកបដោយចីរភាពដែលជាផ្នែកមួយនៃ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងការធានាបាននូវការរស់នៅប្រកបដោយបរិស្ថានល្អ និង បានស្នើយោបល់ឱ្យក្រសួងសហការឱ្យបានជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជនដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់រថយន្តដើរដោយថាមពលអគ្គិសនី និងជំរុញឱ្យមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធលើបញ្ហានេះផងដែរ។

ជាការឆ្លើយតបលោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួង សាធារណការ និងដឹកជញ្ជូន រៀបចំផែនទីបង្ហាញផ្លូវគ្រប់ជ្រុងជ្រោយទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី និងពិភាក្សាជាមួយសេវាដឹកជញ្ជូនម្ហូបអាហារដូចជា៖ Food Panda និង NHAM24 ដើម្បីពិនិត្យលទ្ធភាពលើការប្រើប្រាស់ម៉ូតូដើរដោយ ថាមពលអគ្គិសនី ជំនួសម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន សំដៅឆ្លើយតបទៅនឹងគម្រោង ផែនការ និងគោលនយោបាយដឹកជញ្ជូនផ្លូវគោកប្រកបដោយចីរភាព៕