ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត : ការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន អាចប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ

152
UI Promtion 2021

ភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អាចគ្រប់គ្រងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ ដែលជោគជ័យនេះបានមកពីការចូលរួមចំណែកយ៉ាងសកម្មរបស់ កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក របស់កងទ័ពជើងគោក ក្នុងនាមជា កម្លាំងស្នូលមួយនៅក្នុងប្រតិបត្តិការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលលើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងគ្រប់កិច្ចការជាច្រើន។
ជាអាទិ៍ ការការពារសន្តិសុខនៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក, ការដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ, ការចូលរួមអនុវត្តវិធានការបិទខ្ទប់, ការចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីកន្លែងសាធារណៈ, ការជួយដឹកជញ្ជូនប្រជាពលករត្រលប់, ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ជាដើម។

ការបញ្ជាក់នេះ ក្នុងពិធីក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារយោធា-សន្តិសុខ ឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោកកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។
ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោក ក៏បានឲ្យបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តចូលរួមអនុវត្តវិធានការសុខាភិបាល “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជាប់ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងអង្គភាព ជាពិសេសនៅចំពោះមុខប្រភេទមេរោគកូវីដ-១៩ បំប្លែងថ្មីៗនានាដែលអាចកើតមានឡើងជាបន្តបន្ទាប់។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានណែនាំឲ្យបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន គឺការចូលរួមសហការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាមួយគ្រប់ស្ថាប័ន-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងដំណើរការនៃកិច្ចប្រជុំនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ក៏ដូចជាដំណើរការឃោសនា និងការប្រព្រឹត្តិទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ៕