សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍បន្តការសិក្សានៅប្រទេសអូស្ត្រាលីចំនួន ២៧រូប និងចូលជួបសម្តែងការគួរសម

262
UI Promtion 2021

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ចំនួន២៧រូប ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើម តំណាងនិស្សិតអាហារូបករណ៍ បានគោរពថ្លែងអំណរគុណជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យក្រុមនិស្សិតអាហារូបករណ៍ទាំងអស់ បានចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំនាឱកាសមុនពេលចាកចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរ ចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ដែលបានតស៊ូសិក្សារៀនសូត្រ ក្នុងរយៈពេលកន្លងមករហូតទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី។
ជាមួយគ្នានេះសម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់និស្សិតជ័យលាភីទាំងអស់ បើទោះបីជាជាប់ការងារប្រចាំថ្ងៃជាបុគ្គលិក នៅវិស័យឯកជន និងជាមន្ត្រីរាជការក្តី តែបានបញ្ចេញសមត្ថភាពរហូតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី។ សម្តេចក្រឡាហោម បានបន្ថែមថា ការខិតខំទាំងនេះបានឆ្លុះបញ្ជាំងឱ្យឃើញពីឆន្ទៈដ៏មោះមុតក្នុងការស្វែងរកចំណេះវិជ្ជា ដើម្បីកសាងអនាគតរបស់ខ្លួនផង ក៏ដូចជាបានចូលរួមចំណែកក្នុងការកសាងអនាគតរបស់ប្រទេសជាតិយើងផង។
លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ដោយសង្ឃឹមជឿជាក់ថា និស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលីទាំងអស់ នឹងបន្តកិច្ចខិតខំប្រឹងប្រែងនេះរហូតទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងយកចំណេះដឹងទាំងនេះ មកចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិវិញ។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់និស្សិតទាំងអស់ថា «ឱ្យតែមានការតស៊ូ ព្យាយាម ជោគជ័យប្រាកដជាមាន»។
សូមជម្រាបជូនថា អាហារូបករណ៍ Australia Awards គឺជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្យានុភាពមួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍ រយៈពេលវែងរបស់ប្រទេសជាដៃគូ ដោយស្របតាមកិច្ចព្រមព្រៀងសកលទ្វេភាគីនិងតំបន់។ Australia Awards មានគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ព្រមទាំងចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ក៏បានផ្តល់ឱកាសសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍វិជ្ជាជីវៈដល់ប្រជាជនកម្ពុជាដែលមានទេពកោសល្យ ដែលមានបំណងនាំយកនូវឥទ្ធិពលវិជ្ជមានមកកាន់ប្រទេសរបស់ពួកគេ ក៏ដូចជាមានបំណងកសាងអាជីពការងារដែលរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍របស់កម្ពុជានាពេលអនាគត៕