បុរសម្នាក់បើកឡានធ្លាក់ស្ទឹងសង្កែសង្ស័យងងុយដេក ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

288
UI Promtion 2021

ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យក្រោយបើករថយន្តដឹកត្រីក្នុងស្ថានភាពងងុយដេករួចរ៉េចង្កូតក្រឡាប់ធ្លាក់ចូលស្ទឹងសង្កែ។
សមត្ថកិច្ចបានអោយដឹងថា! ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៣និង៤០ នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្នុងស្ទឹងសង្កែត្រើយខាងលិច ស្ថិតក្នុងក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកអ៊ីស៊ុយស៊ុយ ពណ៌ទឹកសមុទ្រមួយគ្រឿង(ដឹកត្រី)បើកបរតាមបណ្តោយផ្លូវជាតិលេខ០១ ក្នុងទិសដៅពីជើងទៅត្បូង
បើកបរដោយបុរសម្នាក់ឈ្មោះ វ៉ាង សារិទ្ធ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្រុមទី២២ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យងងុយដេកបានជ្រុលចង្កូតធ្លាក់ក្រឡាប់ចូលទៅក្នុងស្ទឹងសង្កែ បណ្តាលអោយរងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅស្ទូចយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដោយឡែកសាកសពជនរងគ្រោះត្រូវបានរក្សាទុកដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕