ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានថ្លែងទៅកាន់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានស្តារនីតិសម្បទាបន្តផ្តល់សេវាស្តារនីតិសម្បទាជូនជនរងគ្រោះ ឬជនពិការជាសមាជិក ប.ស.ស. ក្នុងការជួយសម្រួលនូវទុក្ខលំបាករបស់បងប្អូន

134
UI Promtion 2021

(ភ្នំពេញ)៖ ដើម្បីឆ្លើយតបក្នុងការផ្តល់សេវាស្តារនីតិសម្បទាឲ្យទាន់ពេលវេលាស្របទៅនឹងតម្រូវការជាក់ស្ដែង ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. បានថ្លែងទៅកាន់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានស្តារនីតិសម្បទា ត្រូវបន្ដតាមដាន និងប្រមូលព័ត៌មានពិការភាព គ្រោះថ្នាក់ ឬជំងឺផ្សេងៗ របស់សមាជិក ប.ស.ស. ឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង និងសម្របសម្រួលផ្តល់សេវាស្តារនីតិសម្បទា ការជួសជុល ឬការផ្តល់នូវអវៈយវៈសិប្បនិម្មិត ឧបករណ៍រណប ឬឧបករណ៍ជំនួយការអប់រំកាយសម្បទាឡើងវិញ ការព្យាបាលដោយចលនា និងការផ្តល់សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រដទៃទៀត ឲ្យបានឆាប់រហ័សនិងទាន់ពេលវេលា ជាពិសេសត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលដល់គ្រួសារសមាជិក ប.ស.ស. ឬអ្នកស្ម័គ្រចិត្ត អំពីវិធីការពារ និងថែទាំជនពិការនេះផ្ទាល់តែម្ដង។
ការថ្លែងឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធីបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យទៅលើលទ្ធផលការងារសម្រេចបានប្រចាំខែមករា ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្ត និងដោះស្រាយបញ្ហាប្រឈមនានា របស់ការិយាល័យទាំង៣ នៃនាយកដ្ឋានស្តារនីតិសម្បទា ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី បុគ្គលិក នាយកដ្ឋានស្តារនីតិសម្បទាទាំងអស់ ដែលសម្រេចបានលទ្ធផលការងារយ៉ាងល្អប្រសើកន្លងមកនេះ ជាពិសេសការផ្តល់សេវាស្តារនីតិសម្បទាជូនជនរងគ្រោះ ឬជនពិការជាសមាជិក ប.ស.ស. ការផ្តល់សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត សេវាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងការផ្តល់សេវាសង្គម ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងការជួយសម្រួលនូវទុក្ខលំបាករបស់បងប្អូនដែលជាសមាជិក ប.ស.ស.។
ឯកឧត្តមអគ្គនាយករង ក៏បានបន្តជំរុញលើកទឹកចិត្ត ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ ក្នុងនាមជាអ្នកបម្រើសេវា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ល្អ និងខិតខំបន្ថែមទៀតទៅលើការងារ ដែលសម្រេចបាន ធ្វើយ៉ាងណាឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព គុណភាព និងប្រកបដោយទំនួលខុសត្រូវខ្ពស់ផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានស្តារនីតិសម្បទា សរុបប្រមាណជាង២០រូប នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ៕