ចាប់ពីឆ្នាំ២០២៣ តទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពអាចផលិតទឹកស្អាតបាន ១លានម៉ែត្រគូប/ថ្ងៃ ជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ

133
UI Promtion 2021

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹក ក្នុងរដូវប្រាំង ឆ្នាំ ២០២២។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកែលម្អ និងសាងសង់រោងចក្រផលិតទឹកស្អាតថ្មី និងពង្រីកបណ្តាញចែកចាយថ្មីជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាល។
បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតសរុបចំនួន ៤ទីតាំង និងផលិតទឹកស្អាតបានជាមធ្យម ៦សែនម៉ែត្រគូប/ថ្ងៃ។ ក៏ប៉ុន្តែជាក់ស្តែង ដោយសារកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ ធ្វើឱ្យតម្រូវការទឹកស្អាតបានកើនឡើងខ្ពស់ជាងសមត្ថភាពផលិត ពោលគឺតម្រូវការជាក់ស្តែងប្រមាណជា ៨សែនម៉ែត្រគូប/ថ្ងៃ ដែលធ្វើឱ្យមានកង្វះទឹកស្អាត សម្រាប់ចែកចាយក្នុងម៉ោងមានតម្រូវការទឹកខ្ពស់ ជាពិសេសខ្វះទឹកនៅតំបន់ជាយរាជធានីភ្នំពេញ និងជាយក្រុងតាខ្មៅ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ទៀតថា «ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅបាក់ខែង ដែលអាចផលិតទឹកស្អាតបានបន្ថែមប្រមាណ ៤សែនម៉ែត្រគូប/ថ្ងៃ ចាប់ពីដើមឆ្នាំ២០២៣ តទៅបន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់ ៦សែនម៉ែត្រគូប/ថ្ងៃ។ សរុបមក ចាប់ពីឆ្នាំ២០២៣ តទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពអាចផលិតទឹកស្អាតបាន ១លានម៉ែត្រគូប/ថ្ងៃ ដើម្បីបិទបញ្ចប់បញ្ហាខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល៧ឆ្នាំកន្លងមក(២០១៦-២០២៣)»។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបន្តថា ដោយពិនិត្យឃើញថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅ ក្នុងតំបន់ជាយក្រុង៕