ក្រសួងវប្បធម៌ កំពុងឱ្យស្ថានទូតកម្ពុជា ចុះស្រាវជ្រាវការចម្លងប្រាសាទអង្គរវត្តនិងតាព្រហ្ម នៅវៀតណាម

162
UI Promtion 2021

មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមកំ ពុងស្រាវជ្រាវព័ត៌មានទាក់ទងនឹងករណីវៀតណាមចម្លងក្បាច់ប្រាសាទអង្គរវត្តនិងប្រាសាទតាព្រហ្ម ខណៈប្រាសាទទាំងនោះ ត្រូវបានគេដឹងថា គឺវៀតណាមបានសាងសង់ឡើងតាំងពីឆ្នាំ២០១៨ នៅទីក្រុងដាណាង ។

លោក ឡុង ប៉ុណ្ណាសិរីវត្ថ មន្រ្តីនាំពាក្យក្រសួងវប្បធម៌ បានបញ្ជាក់នៅថ្ងៃទី៤កុម្ភៈនេះថា ស្ថានទូតខ្មែរប្រចាំវៀតណាម កំពុងប្រមូលទន្និន័យឋបម ជុំវិញការសាង់សង់ប្រាសាទខ្មែរនៅវៀតណាម ថាតើភាគីវៀតណាមបានសាងសាង់ក្នុងបំណងអ្វីឱ្យច្បាស់លាស់។

លោកថ្លែងដូច្នេះថា៖«នៅពេលដែលបានទន្និន័យនោះ តាមរយៈទូតកម្ពុជានៅវៀតណាម គឺឱ្យវៀតណាមបញ្ជាក់រឿងទាំងអស់ហ្នឹង តើធ្វើហ្នឹងវាយ៉ាងម៉េច ហើយប៉ះពាល់ដល់រឿងសេដ្ឋកិច្ចយើងបែបណា យើងនឹងធ្វើការជាមួយវៀតណាមជំហានបន្តទៀត។ ចម្លងគាត់ចម្លងមែនហើយ យើងមើលឃើញ ខ្ញុំដាក់ឱ្យអ្នកជំនាញមើល មានន័យថា អង្គរវត្តមួយផ្នែកទៅ គាត់យកមកផ្គុំផ្នែកខ្លះហ្នឹង ទាក់ទងនឹងប្រាសាទតាព្រហ្មទៅ ផ្នែកខ្លះហ្នឹងជាប់ហ្នឹងប្រាសាទផ្សេងៗទៅក្នុងតំបន់អង្គរ គ្រាន់បញ្ជាក់ថា ហ្នឹងជាបេតិក្ខភណ្ឌរបស់ខ្មែរ វាអត់ចម្លងទាំងដុល ដូច្នេះយើងត្រូវមើលទិដ្ឋភាពផ្សេងៗទៀត»។

លោកបន្តថា លោកមិនទាន់ដឹងថានឹងទទួលបានព័ត៌មានជាក់លាក់នោះទេ ព្រោះកន្លងមកនៅពេលដែលមានប្រទេសណាមួយចម្លងប្រាសាទខ្មែរ ស្ថានទូតខ្មែរពិបាកចូលទៅតំបន់ដែលគេសាងសង់ ព្រោះបញ្ហាជំងឺកូវីដ១៩។

លោកលើកឡើងទៀតថា ជុំវិញការចម្លងនេះ បើយកក្នុងន័យទៅផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជា ដើម្បីជាគោលដៅទេសចរណ៍កម្ពុជា វាជារឿងល្អ ប៉ុន្តែត្រូវស្នើសុំមុននឹងសាងសង់ បើភាគីវៀតណាមយកទៅផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយមិនចាំបាច់មកមើលប្រាសាទពិតប្រាដកនៅខ្មែរ នោះជារឿងប្រកួតប្រជែងបែបកែងចំណេញ។

លោកថ្លែងដូច្នេះថា៖«យើងក៏មិនបណ្តែតបណ្តាយដែរ យើងមើលជ្រុងណា ដែលយើងមើល ប៉ះពាល់ផលប្រយោជន៍ជាតិ ប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ច។ ឥឡូវនៅក្នុងអង្គការ WTO យើងគិតគូររឿងហ្នឹងដែលយើងចុះបញ្ជីផលិតផលភូមិសាស្ត្រ ដូចជាម្រេចកំពត អង្ករម្លិះយើង សុទ្ធតែមានម៉ាកមានឈ្មោះ អ្នកឯងចង់យកទៅផលិតត្រូវសុំសិទ្ធិយើងដូចតែគ្នាហ្នឹង។ អ៊ីចឹង! រដ្ឋាភិបាលមិនបណ្តោយឱ្យខាតផលប្រយោជន៍យើងទេ ប៉ុន្តែជ្រុងខ្លះ យើងមើលទៅដូចជាជួយផ្សព្វផ្សាយវប្បធម៌ ប៉ុន្តែអ្វីយើងចង់បានឱ្យគាត់មានការសុំអនុញ្ញាត»។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ ក៏មានការចែកចាយ រូបភាពនៃការសាងសង់ប្រាសាទថ្ម ក្នុងខេត្តបុរីរម្យ ប្រទេសថៃ ដែលគេអះអាងថា គឺយកគំរូតាមប្រាសាទអង្គរខ្មែរ ប៉ុន្តែភាគីថៃបដិសេធវិញ និងអះអាងថា ប្រាសាទនោះ គឺសាងសង់ឡើងដោយយកគំរូប្រាសាទនៅក្នុងប្រទេសថៃប៉ុណ្ណោះ៕