អតីតបុគ្គលិកណាហ្គា ៤នាក់រកឃើញវិជ្ជមានកូវីដ និងឃាត់ខ្លួន២នាក់ ដែលគេចវេសមិនព្រមយកសំណាក

346
UI Promtion 2021

(ភ្នំពេញ)៖ អតីតបុគ្គលក្រុមហ៊ុនណាហ្គាវើលដ៍ ៤នាក់ទៀត ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ក្នុងចំណោមក្រុមបាតុករ ដែលប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដោយខុសច្បាប់ ខណៈអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ ២នាក់ទៀត ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងការរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩។

ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅយប់នេះ បានឲ្យដឹងថា ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ចំនួន២៦៣នាក់។ ជាលទ្ធផលគិតត្រឹមម៉ោង០៦៖៥០នាទី នៅល្ងាចថ្ងៃដដែលនេះ មានចំនួន០៤នាក់ ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន ដោយពុំទាន់យកសំណាកអស់គ្រប់គ្នាទេ។

ទន្ទឹមគ្នានេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វរសេនីយ៍ឯក សាន សុខសីហា បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ ២នាក់ ត្រូវបានឃាត់ខ្លួន ទី១ឈ្មោះ ជួប ចាន់ណាត ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី២ ឈ្មោះ សេង វណ្ណារិទ្ធ ភេទប្រុស ស្នាក់នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ត្រូវបាលកម្លាំងនគរបាលឃាត់ខ្លួន នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមវរសេនីយ៍ឯក សាន សុខសីហា ការឃាត់ខ្លូនពួកគេទាំង២នាក់នេះ យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងរារាំងដល់ការ អនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ យោងតាមមេត្រា១១ នៃច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបាននាំខ្លួន និងបើកការសួរនាំនៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់៕