នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ប៉េកាំង លោក Xi Jinping និង​លោក Vladimir Putin ប្រកាស​ផែនការ​ទប់ទល់​នឹង​សហរដ្ឋអាមេរិក

263
UI Promtion 2021

ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin ​និង​មេដឹកនាំ​ចិន​លោក Xi Jinping បាន​ប្តេជ្ញា​ធ្វើសហការ​ជិតស្និទ្ធ​ជាង​មុន​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពលសហរដ្ឋអាមេរិកនៅ​ក្នុង​ជំនួប​មួយ​កាលពី​ថ្ងៃសុក្រ​ទី៤ ខែកុម្ភៈ នៅ​មុន​ពិធី​បើកការ​ប្រកួត​កីឡាអូឡាំពិកក្រុង​ប៉េកាំង​ឆ្នាំ២០២២។

ជំនួប​រវាង​លោក Putin ​និង​លោក Xi ​ដែល​ជា​ជំនួប​លើកទី៣៨ នេះ​បើ​តាម​ការ​ប្រាប់ឱ្យដឹង​ពី​ក្រុង​ប៉េកាំង ​ជាភស្តុតាង​ថ្មីៗ​បំផុត​ថា ​ប្រទេស​ទាំង​ពីរ​នេះ​ មាន​ទំនាក់ទំនង​គ្នា​ជិត​ស្និទ្ធ​ជាង​មុន នៅពេល​ដែលការ​ទាក់ទងរបស់​ពួកគេ​ជា​មួយ​សហរដ្ឋអាមេរិកមាន​ការរអាក់រអួល​ជាង​មុន។​

ជំនួប​នេះ​កើតមានឡើង​នៅ​ពេល​សំខាន់​មួយ​ដែល​រុស្ស៊ី​ប្រមូល​ទាហាន​ជាង​មួយ​សែន​នាក់ដាក់​តាមព្រំដែនជា​មួយ​ប្រទេស​អ៊ុយក្រែន ​ហើយ​ទាមទារ​សម្បទាន​ពី​អង្គការ​អូតង់ដែល​ជាសម្ព័ន្ធ​យោធាបស្ចិម​ប្រទេស​ និង​បណ្តាល​ឱ្យមានកំណើន​ការ​បារម្ភ​អំពី​សង្គ្រាម។​

គេដឹង​មិន​ច្បាស់ទេ​ថា តើ​ចិន​នឹងចង់​គាំទ្រ​កម្រិត​ណា​ដល់រុស្សី​អំពី​បញ្ហា​អ៊ុយក្រែន ជា​ពិសេសបើ​មានសង្គ្រាមនៅ​ពេល​ប្រកួត​កីឡា​អូឡាំពិក។​

សេចក្តី​ថ្លែងការណ៍​រួមនៅ​ក្រោយជំនួប​រវាង​លោក Putin និង​លោក Xi ​មិន​បាននិយាយ​យោង​ចំៗ​ដល់អ៊ុយក្រែនទេ។ តែយ៉ាង​ណា​ក៏​ដោយ​ ក៏​ឯកសារ​នេះបានចែង​ថា​ ប្រទេស​ទាំង​ពីរ​ជំទាស់នឹង​ការពង្រីកអូតង់​ថែមទៀត និង​អំពាវ​នាវឱ្យ​សម្ព័ន្ធភាព​យោធានេះ​ បោះបង់​របៀប​ដោះស្រាយបែប«សង្គ្រាម​ត្រជាក់»។​

សហរដ្ឋអាមេរិក ចោទប្រកាន់រុស្ស៊ីថា​ រក​លេស​ដើម្បីលុកលុយ​ប្រទេស​អ៊ុយក្រែន​ ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំប្រឹង​ប្រែង​ពង្រីក​តំបន់​ឥទ្ធិពលរបស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ក្នុ​ងអឺរ៉ុប​ខាង​កើត។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​វែងនេះ ​រុស្ស៊ីក៏​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​គាំទ្រ​របស់​ខ្លួន​ដល់​គោលជំហរ​របស់​ប្រទេស​ចិន​អំពី​កោះ​តៃវ៉ាន់​ដោយ​និយាយថា ​កោះ​នេះ​ ជា​«ផ្នែកមួយទាំង​ស្រុង​នៃ​ប្រទេសចិន»​ ហើយ​ថា ​រុស្ស៊ីប្រឆាំ​ងនឹង​ឯករាជ្យ​តៃវ៉ាន់​«ក្នុង​ទម្រង់​ណា​ក៏​ដោយ»។​

កាលពី​ពេល​ថ្មីៗ​នេះ​ ពួក​មន្ត្រី​ចិនបាន​ព្រមាន​រដ្ឋាភិបាលក្រុង Washington​ ថា ​ការ​គាំទ្ររបស់​អាមេរិក​ដល់​តៃវ៉ាន់​ ដែល​ជា​កោះមួយ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង ​និង​ទាមទារ​ដោយ​រដ្ឋាភិបាល​ប៉េកាំង ​អាច​នាំ​ឱ្យ​មាន​សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងប្រទេស​ចិន។​

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​មេដឹកនាំទាំងពី​ លោក Putin និង​លោក Xi បានថ្កោលទោស​«ការ​ប៉ុន​ប៉ងដោយ​កម្លាំង​ខាង​ក្រៅ​ដើម្បី​បំផ្លាញ​សន្តិសុខ​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ជាប់​នឹង​ប្រទេស​ពួក​គេ»។ ទោះ​ជាសេចក្តី​ថ្លែងការណ៍​នេះ​ មិនបានបញ្ចេញឈ្មោះ​តំបន់​ទាំង​នេះ​ឱ្យ​បានជាក់លាក់​ក៏​ដោយ​ ក៏​វាបាន​និយាយថា​ ភាគី​ទាំង​ពីរប្តេជ្ញា«បង្កើន​កិច្ច​សហប្រតិបត្តិការ​»នៅ​ក្នុង​តំបន់​ទាំង​នោះ។​

លោក Putin និង​លោក Xi ក៏​បាន​រិះគន់ដែរដល់​របៀប​ដោះស្រាយ​របស់​ស.រ.អ.​នៅ​អាស៊ី ដែល​ចិន​យល់​ថា ជា​ការប៉ុនប៉ងមួយដើម្បី​ទប់ទល់​នឹងការ​លេច​ឡើង​របស់​ខ្លួន។ បុរសទាំងពីរ​នាក់​នេះ បាននិយាយ​ថា​ ពួក​គេ «នៅតែប្រុង​ប្រយ័ត្ន​ខ្លាំងអំពី​ផលប៉ះពាល់​អវិជ្ជមានលើ​សន្តិភាព​និង​ស្ថិរភាព»នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់សហរដ្ឋអាមេរិក។ លោកទាំង​ពីរ​ក៏​បានថ្លែង​ដែរ​ថា អស់លោក​«ខ្វល់ខ្វាយ​ខ្លាំង»អំពី​ការ​បង្កើតសម្ព័ន្ធភាព​ត្រី​ភាគី​កាល​ពី​ពេល​ថ្មីៗនេះ​រវាងស.រ.អ. ​ចក្រភព​អង់គ្លេស និង​ប្រទេស​អូស្ត្រាលី៕