
រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តថានឹងខិតខំបញ្ចៀសមិនឱ្យមានករណីប្រជាជនស្លាប់ដោយសារជំងឺកូវីដ-១៩ជាបន្តទៀត ដោយធានាថា កម្ពុជាមិនខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនៅពេលដែលបញ្ហាជំងឺកូវីដ-១៩មិនទាន់ចប់នៅឡើយ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា ស្ដីពី «លទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី» នៅថ្ងៃទី៤ ខែកុម្ភៈនេះ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានជំរុញឱ្យក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) និងដូសទី៤ ជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការឱ្យបានគ្រប់ៗគ្នា។
អស់រយៈពេល៣១ថ្ងៃជាប់គ្នាមកហើយដែលសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា មិនមានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៤ ខែកុម្ភៈនេះ ក៏បានឱ្យដឹងថា រដ្ឋាភិបាលបានកោតសរសើរចំពោះវឌ្ឍនភាពនៃការបើកសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា ហើយថា នៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះ កម្ពុជានឹងទទួលស្វាគមន៍នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។
កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ក៏បានគាំទ្រនិងលើកទឹកចិត្តប្រទេសជាសមាជិកអាស៊ាន ដើម្បីខិតខំជំរុញការអនុវត្តទស្សនាទានអាស៊ាន ស្ដីពី «ឥណ្ឌូប៉ាស៊ីហ្វិក» អាចចេញជាសកម្មភាពជាក់ស្ដែង ព្រមទាំងបន្តខិតខំទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជំរុញការបើកសេដ្ឋកិច្ចឡើងវិញ និងប្រកាន់ខ្ជាប់គោលការណ៍កុងសង់ស៊ីសរបស់អាស៊ាន៕