សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

312
UI Promtion 2021

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើន ប្រមាណ ១៧០នាក់ផងដែរ។
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្តម នាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានធ្វើសេចក្តីរាយការណ៍បូកសរុបផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ថា ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យទទួលបានលទ្ធផលកាន់តែត្រចះត្រចង់ថែមទៀត ទោះស្ថិតក្នុងស្ថានភាពចូលរួមជាកម្លាំងយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានខិតខំយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទទួលបានលទ្ធផលការងារជោគជ័យមួយចំនួនផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ដថា ប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អនក្រ បក. ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប្រចាំឆ្នាំ២០២១ ទទួលលទ្ធផលដូចជា ៖ ត្រួតពិនិត្យយានយន្តសរុប ចំនួន ២.១១២.៦៧០គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៦៤%។ រកឃើញយានយន្តល្មើស និងពិន័យចំនួន ២២៣.៨៧៩គ្រឿង (២២៤.៤២២ករណី) ស្មើ១១% ក្នុងនោះ ម៉ូតូចំនួន ១៦៨.៩៥៦គ្រឿង (១៦៨.៩៥៧ករណី) ស្មើ៧៥% និងរថយន្ត ចំនួន ៥៤.៩២៣គ្រឿង (៥៥.៤៦៥ករណី) រថយន្តចំនួន២៥% ហើយការពិន័យចំពោះបទល្មើសចរាចរណ៍ឆ្នាំ២០២១ បានចំនួន ១៩.៩១១.៨៩៥.០០០រៀល។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ បានកើតឡើង ចំនួន ២.៦៧០លើក បណ្តាលឱ្យស្លាប់ ចំនួន ១.៤៩៧នាក់ និងរបួស ចំនួន ៣.៦១៥នាក់ របួសធ្ងន់ ២.២៤៦នាក់។ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ចំនួន ២៤៥នាក់, ខេត្តកណ្តាល ចំនួន ១៤១នាក់ និងខេត្តកំពង់ចាម ចំនួន ៩៦នាក់។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តទៀតថា មូលហេតុបណ្តាលឱ្យមានគ្រោះថា្នក់ គឺបើកបរលើសល្បឿនកំណត់៣៨%, មិនគោរពសិទ្ធិ២៤%, មិនប្រកាន់ស្តាំ១៤%, វ៉ាជែង៨%, បត់៨%, ស្រវឹង៤%, កត្តាយានយន្ត៣% និងងងុយ១%។
ជាមួយគ្នានេះដែរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានធ្វើសេចក្តីរាយការណ៍បទអន្ដរាគមន៍ពិស្តារ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ នៅទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្តាល ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ និងអង្គពិធីជ្រាបផងដែរ។
នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ស.ច.គ បានឯកភាពលើរបាយការណ៍ដែលបានធ្វើសេចក្តីរាយការណ៍ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ ព្រមទាំងអបអរសាទរចំពោះការខិតខំប្រឹងប្រែងកន្លងមក នូវបទអន្តរាគមន៍របស់ អភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ចំពោះការងារទិសដៅសម្រាប់ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានលើកឡើងថា ជាទិសដៅនឹងបន្ដយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅតាមរាជធានី-ខេត្ត ទាំង២៥ ចែកស្ទីកឃ័រចំណាំងផ្លាត និងមួកសុវត្ថិភាពដល់អ្នកបើកបរទោចចក្រយានយន្ដ។ ជាពិសេស បន្ដរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅគោលដៅដើមទីក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងបន្ដការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេសនៅតាមរាជធានី-ខេត្ត។