តាមពិតខ្សែជីវិតពិតតួអង្គសាមកុកល្បីបំផុតទាំង៤រូបនេះ អស្ចារ្យមិនចាញ់ជីវិតក្នុងខ្សែភាពយន្តនោះទេ

226
UI Promtion 2021

បើនិយាយពីខ្សែភាពយន្តភាគចិន សាមកុក ប្រាកដជាមនុស្សជាច្រើននឹងស្គាល់ ហើយកោតសរសើរមិនដាច់ពីមាត់អំពីដំណើរសាច់រឿង ឈុតឆាកសម្ដែង ទេព្យកោសល្យនៃការសម្ដែងរបស់តួអង្គជាដើម។​ យ៉ាងណាមិញ ក្នុងខ្សែភាពយន្តនេះដដែល គេសរសើរមិនដាច់ពីមាត់នោះទេ អំពីសមត្ថភាពនៃការសម្ដែងរបស់តួអង្គសំខាន់ៗចំនួន ៤រូបរួមមាន ជូ កឺលៀង, ឆាវ ឆាវ, ស៊ឺ ម៉ាអ៊ី និងលីវ ប៉ីជាដើម។ ​ប៉ុន្តែក្នុងឆាកជីវិតពិតរបស់តួអង្គសំខាន់ៗទាំង៤នេះ ក៏ខ្លាំងមិនធម្មតានោះដែរ។

១. លោក Lu Yiតួអង្គ ជូ កឺលៀង
ក្រឡែកមើលជីវិតពិតរបស់តួអង្គជូកឺលៀងវិញ ក៏មិនធម្មតានោះដែរ ពោលគឺលោកក្នុងវ័យ៤៦ឆ្នាំទៅហើយ លោកគឺជាសេដ្ឋីលាក់មុខម្នាក់ ដែលត្រូវបានគេប៉ាន់ស្មានថា លោកមានទ្រព្យចន្លោះពី ១លាន ទៅ២លានដុល្លារឯនោះ។ យ៉ាងណាមិញ ក្រៅពីមានទេព្យកោសល្យជាតារាសម្ដែង និងចាប់ផ្ដើមអាជីពក្នុងក្ដីស្រមៃតាំងពីវ័យ៥ឆ្នាំមក លោកក៏មានជំនាញពិសេសជាតារាចម្រៀង ជាពិធីករជាតារាម៉ូដែលបង្ហាញម៉ូតសម្លៀកបំពាក់ផងដែរ។ គិតត្រឹមឆ្នាំ២០២២នេះ លោកសម្រេចសមិទ្ធផលជាច្រើន តាមរយៈការថតជាខ្សែភាពយន្តតាំងពីឆ្នាំ ១៩៨៥មក រហូតមកដល់ពេលនេះមិនក្រោម ៥០រឿងនោះទេដែលលោកបានថត ព្រមទាំងបន្សល់ទុកនូវចម្រៀងចំនួន ២អាល់ប៊ុម និងចម្រៀងទោលជាច្រើនបទថែមទៀតផង។ ក្រៅពីសមិទ្ធផលទាំងនេះ លោកក៏បានឈ្នះពានរង្វាន់ជាច្រើនទៀតផងដែរ ទាក់ទងនឹងសមត្ថភាពនៃការសម្ដែង និងប្រជាប្រិយភាពលោក។ នៅក្នុងឆ្នាំ២០០៦ លោកបានរៀបការជាមួយនឹងតារាសម្ដែងឈ្មោះ Lei Bao និងមានកូនស្រីជាទីស្រលាញ់ចំនួន២នាក់ជាមួយគ្នាផងដែរ។
២. លោក Chen Jianbin តួអង្គ ឆាវ ឆាវ

ទាក់ទងនឹងជីវៈប្រវត្តិសង្ខេប ស្ថិតក្នុងវ័យ ៥១ឆ្នាំ​ លោក Chen Jianbin ត្រូវបានគេប៉ាន់ស្មានថា លោកមានទ្រព្យសម្បត្តិចន្លោះពី ១លានទៅ៥លានដុល្លារ មានកូនប្រុសម្នាក់ និងមានភរិយាឈ្មោះ Jiang Qinqin។ ក្រៅពីនោះ លោកមានរឿងគួរឱ្យចាប់អារម្មណ៍ចំនួន៣ធំៗទៀតរួមមាន៖

បញ្ចប់ជំនាញអនុបណ្ឌិតភាពយន្ត៖ បើទោះបីជាការងារសិល្បៈជាការងារដែលទាមទារខ្ពស់នូវទេពកោសល្យពីធម្មជាតិយ៉ាងណាក៏ដោយ ប៉ុន្តែ Chen Jianbinជាតារាសម្ដែងមួយរូបដែលឱ្យតម្លៃខ្ពស់លើការសិក្សា រហូតអាចបញ្ចប់ការសិក្សារហូតដល់ថ្នាក់អនុបណ្ឌិតភាពយន្ត ដែលយើងអាចនិយាយបានថា មានតែតារាសម្ដែងតិចតួចតែប៉ុណ្ណោះដែលអាចបញ្ចប់ការសិក្សាជំនាញនេះ និងអាចរៀនចប់ដល់អនុបណ្ឌិត។ ដោយសារតែលោកមានទេពកោសល្យផង បូករួមជាមួយនឹងការសិក្សាផង បានធ្វើឱ្យលោកក្លាយជាតារាសម្ដែងមួយរូបដែលអាចសម្ដែងភាពយន្តប្រកបដោយភាពទាក់ទាញបំផុត។

លោកជាអ្នកដឹកនាំរឿងដ៏ឆ្នើមមួយរូបផងដែរ៖ លោកមិនត្រឹមតែជាតារាសម្ដែងនោះទេ​ ប៉ុន្តែលោកក៏ជាអ្នកដឹកនាំរឿងដ៏ឆ្នើមមួយរូបផងដែរ។ ការងារជាអ្នកដឹកនាំរឿងនេះគឺអាចឱ្យលោកអាចបញ្ចេញសមត្ថភាពក្នុងការមើលមនុស្ស ប្រើមនុស្ស លើកទឹកចិត្ត លួងលោម និងបន្ទន់ចិត្តមនុស្សឱ្យធ្វើការខិតខំសម្ដែងបានល្អ មិនចាញ់សិល្បៈនៃការប្រើមនុស្សក្នុងខ្សែភាពយន្តប៉ុន្មាននោះទេ។ តាមរយៈការដឹកនាំរឿង លោកក៏ធ្លាប់ទទួលបាននូវពានរង្វាន់ចំពោះសមត្ថភាពនៃការដឹកនាំរបស់លោកផងដែរ។

លោកធ្លាប់ទទួលពានរង្វាន់ធំៗចំនួន៦៖ ដោយសារតែទេពកោសល្យនៃការសម្ដែង និងសមត្ថភាពនៃការដឹកនាំ បានធ្វើឱ្យលោកអាចឈ្នះនូវពាន់រង្វាន់ធំៗរហូតដល់ទៅ ៦ ឯនោះ។ ពានរង្វាន់ទី១គឺ ពានរង្វាន់ជម្រើសនិស្សិត សម្រាប់តារាសម្តែងដែលគេចូលចិត្តបំផុត។ ពានរង្វាន់ទី២ សម្រាប់តារាសម្ដែងល្អនិងទទួលការគាំទ្រច្រើនបំផុត។ ពានរង្វាន់ទី៣ តារាសម្តែងឆ្នើមនិង អ្នកដឹកនាំរឿងដ៏ឆ្នើម។ ពានរង្វាន់ទី៤ គឺតំណាងឱ្យតារាសម្ដែងដែលមានភាពលេចធ្លោបំផុត។ ពានរង្វាន់ទី៥និងទី៦ គឺបានមកពីការសម្ដែងរឿងសាមកុកតែម្ដង ទៅលើផ្នែក តារាសម្ដែងឆ្នើមបំផុតនិងជាបុគ្គលឆ្នើមប្រចាំឆ្នាំ។

៣. លោក Ni Dahong តួអង្គ ស៊ឺ ម៉ាអ៊ី

ប្រសិនបើនិយយអំពីតួអង្គស៊ឺ ម៉ាអ៊ី អ្នកប្រាកដជានឹកដល់ពាក្យមួយឃ្លារបស់លោកថា ធ្វើមនុស្សត្រូវស្គាល់កាលៈទេសៈជាក់ជាមិនខាន។ ​លោកគឺជាតួអង្គសំខាន់ម្នាក់ក្នុងរឿងនគរទាំង ៣ ឬគេនិយមហៅថាសាមកុក ដែលអាចជួយឱ្យអ្នកជំនាន់ក្រោយរបស់ត្រកូលខ្លួនអាចបង្រួមបង្រួមនគរទាំង៣បញ្ចូលគ្នា និងរហូតអាចបន្តភាពរីកច្រើនមកជាប្រទេសចិនដូចបច្ចុប្បន្ន។

ថ្វីត្បិតតែលោកមានភាពល្បីល្បាញខ្លាំងក្នុងការសម្ដែង ប៉ុន្តែប្រហែលជាមិនមានមនុស្សច្រើនទេ ដែលដឹងពីរឿងពិតរបស់លោក។ ខាងក្រោមនេះគឺជារឿងពិត៧យ៉ាង កម្រមានអ្នកដឹងពីតួអង្គល្បីល្បាញ ស៊ឺ ម៉ាអ៊ី បុរសចិត្តធ្ងន់អត់ធ្មត់ខ្លាំងក្នុងរឿងសាមកុក៖

១. លោកជាជនជាតិចិនមានឈ្មោះពិតថា 倪大宏ឬជាភាសាអង់គ្លេសNi Dahong

២ លោកកើតនៅក្នុងឆ្នាំ ១៩៦០ ហើយមកទល់ពេលនេះលោកមានវ័យ៦២ឆ្នាំហើយ

៣. រឿងសាមកុក ឬនគរទាំង៣ គឺជារឿងដែលធ្វើឱ្យលោកទទួលបានភាពល្បីល្បាញខ្លាំងបំផុត

៤. លោកមានភរិយាឈ្មោះថា Ni Wei

៥. ក្នុងអាជីពជាតារាសម្ដែង លោកត្រូវបានមនុស្សភាគច្រើនគិតថាមិនអាចល្បីល្បាញនោះទេ​ ព្រោះតែលោកជាមនុស្សស្ងៀមស្ងាត់ និងមិនសូវបង្ហាញមុខច្រើននោះទេ។

៦. ចាប់តាំងពីឆ្នាំ ១៩៨៤ រហូតដល់ឆ្នាំ២០២០ លោកសម្ដែងរឿងមិនតិចជាង៨០រឿងនោះទេ

៧. ចាប់តាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ ២០២០ លោកឈ្នះពានរង្វាន់ធំៗ ចំនួន៤ និងទទួលបានរង្វាន់តែងតាំងចំនួន ៨ ដែលភាគច្រើនទាក់ទងនឹងតារាសម្ដែងល្អបំផុត។

តើអ្នកយល់ឃើញយ៉ាងណាដែរ ចំពោះជីវិតពិតរបស់តួអង្គស៊ឺ ម៉ាអ៊ី តើគួរឱ្យចាប់អារម្មណ៍ដូចក្នុងខ្សែភាពយន្តដែរឬយ៉ាងណា?

៤. លោក Hewei Yuតួអង្គ លីវ ប៉ី

បុរសវ័យ៥១ឆ្នាំ រូបនេះ ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិចំនួន៨លានដុល្លារ ក្នុងឆ្នាំ២០២១ (យោងតាម wiki.ng) លោកមានភរិយាជាអ្នករាំឈ្មោះថា Song Linjingដែលនាងកើតនៅក្នុងត្រកូលគ្រួសារដែលធូរធារ។ លោក Hewei Yu ធ្លាប់រំលឹកថា ភរិយារបស់លោកជាអ្នកជួយជំរុញលើកទឹកចិត្តលោកឱ្យមានថ្ងៃនេះ ព្រោះកាលពីមុនលោកកើតក្នុងត្រកូលគ្រួសារក្រីក្រហើយ ​មិនទាន់មានភាពល្បីល្បាញទៀតផង។ លោកធ្លាប់មានក្ដីស្រមៃចង់ធ្វើជាប៉ូលីសកាលពីនៅក្មេង ហើយក្រោយមកលោកក៏បានដូរក្ដីស្រមៃក្លាយជាតារាសម្ដែង ទោះបីជាក្ដីស្រមៃមួយនេះមិនសូវទទួលបានការគាំទ្រពីគ្រួសារក៏ដោយ។ កើតក្នុងគ្រួសារដែលក្រលំបាក រហូតស្ទើរតែគ្មានដោះគោសម្រាប់ញ៉ាំផង ប៉ុន្តែពេលនេះលោកបានកែប្រែវាសនាខ្លួនមកក្លាយជាសេដ្ឋីទ្រព្យលានដុល្លារ នេះគឺជារឿងគួរឱ្យមានមោទកភាពបំផុតសម្រាប់លោក៕