ក្រសួងការងារ បន្តក្រើនរំលឹកដល់ម្ចាស់រោងចក្រ សហគ្រាស រៀបចំនិងជំរុញកម្មករនិយោជិត ឱ្យបានចាក់វ៉ាក់សាំងដូសជំរុញគ្រប់ៗគ្នា ដើម្បីទប់ស្កាត់មេរោគបំប្លែងខ្លួនថ្មី

253
UI Promtion 2021

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវទំនាក់ទំនងជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន រៀបចំចាក់វ៉ាក់សាំងដូសជំរុញជូនកម្មករនិយោជិត នៅតាមទីតាំងណាមួយដែលមានភាពងាយស្រូល និងចូលរួមជំរុញ ការអប់រំ ផ្សព្វផ្សាយដល់កម្មករនិយោជិត ឱ្យបានដឹងអំពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមរំលឹក និងណែនាំសាជាថ្មីម្តងទៀតដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដូចខាងក្រោម៖
* ទី១៖ ទំនាក់ទំនងជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញជូនបងប្អូនកម្មករនិយោជិត នៅតាមទីតាំងណាមួយដែលមានភាពងាយ ស្រួលសម្រាប់កម្មករនិយោជិត។
* ទី២៖ ជំរុញអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិតឱ្យបានយល់ដឹងពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ និងទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយត្រូវផ្តល់នូវការឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ។
* ទី៣៖ គ្រប់គ្រងទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត និងបំពេញព័ត៌មានចាក់វ៉ាក់សាំង ទៅក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh ។
* ទី៤៖ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ជាពិសេសការរៀបចំប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកទ្វារចេញ-ចូល រោងចក្រសហគ្រាស, ការរក្សាគម្លាតសុវត្ថិភាពបុគ្គលនៅកន្លែងធ្វើការ និងកាត់បន្ថយការប្រមូលផ្តុំ កម្មករនិយោជិត, ការលាងសម្អាតដៃ និងបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងធ្វើការ និងកន្លែងប្រើប្រាស់រួមគ្នា និង របស់ការតាមដានសុខភាពកម្មករនិយោជិត។ ក្រុមអធិការ ការងារក្រសួង នឹងចុះធ្វើអធិការកិច្ចការងារ ដើម្បីត្រួតពិនិត្យទិន្នន័យកម្មករនិយោជិតដែលបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ តទៅ៕